ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនពី ៧ ប៊ីលានដល់ ១៥ ប៊ីលានដុល្លារនា ៥ ឆ្នាំចុងក្រោយនេះ
ស្ថិតិជញ្ជីងពាណិជ្ជកម្មអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានកំណើនកាន់តែល្អប្រសើរ ដោយកើនជាង ៧ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០ ឡើងដល់ជាង ១៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤។
ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបាន ៧,៣២៩ ប៊ីលានដុល្លារ ថយចុះ ៦% បើធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះការនាំចេញរបស់កម្ពុជានាឆ្នាំនោះមាន ៩៥០ លានដុល្លារ កើនឡើង ២% ខណៈនាំចូលពីចិនវិញមាន ៦,៣៧៨ ប៊ីលានដុល្លារ ថយចុះ ៧%។ ប៉ុន្តែក្នុងឆ្នាំ២០២១ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២ បានហក់ដល់ ១១,១៩៥ ប៊ីលានដុល្លារ កើនឡើង ៣៦% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនសម្រេចបាន ១,៥១០ ប៊ីលានដុល្លារ កើនឡើង ៣៨%។ រីឯការនាំចូលសម្រេចបាន ៩,៦៨៤ ប៊ីលានដុល្លារ កើនឡើង ៣៦%។
ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបាន ១០,៥៧៩ ប៊ីលានដុល្លារ ធ្លាក់ចុះ ៦,៣% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅប្រទេសចិន មានតែ ១,១០៩ ប៊ីលានដុល្លារ ធ្លាក់ចុះ ១៩% ខណៈការនាំចូលមកវិញក្នុងតម្លៃ ៩,៤៦៩ ប៊ីលានដុល្លារ កើនឡើង ១០%។
ឈានដល់ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មប្រទេសទាំង២ សម្រេចបាន ១២,២៦៤ ប៊ីលានដុល្លារ កើនឡើង ៥% បើធៀបនឹងឆ្នាំ២០២២។ ចំពោះការនាំចេញរបស់កម្ពុជាមាន ១,៤៧៨ ប៊ីលានដុល្លារ កើនឡើង ១៩,២%។ ដោយឡែក ការនាំចូលមានទំហំទឹកប្រាក់ ១០,៧៨៦ ប៊ីលានដុល្លារ កើនឡើង ៣,៣%។
ឆ្នាំ២០២៤ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន បានឡើងខ្លាំងរហូតដល់ ១៥,១៨៩ ប៊ីលានដុល្លារ កើនឡើង ២៣% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញមាន ១,៧៥០ ប៊ីលានដុល្លារ កើនឡើង ១៨% ខណៈនាំចូលមកវិញចំនួន ១៣,៤៣៩ ប៊ីលានដុល្លារ កើនឡើង ២៤,៦%។
កំណើនពាណិជ្ជកម្មរវាងកម្ពុជានិងចិន មួយចំណែកធំបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានអនុវត្តរួមគ្នាជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំនិញកម្ពុជាជាង ៣០០ មុខអាចនាំទៅចិនបាន ដោយមិនគិតពន្ធ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនចូលជាធរមាន។ ក្នុងចំណោមមុខទំនិញជាង ៣០០ មុខនេះ គឺមានផលិតផលកសិកម្ម ៩៥% ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែ ផលិតផលគ្រឿងចក្រនិងយានយន្តផ្សេងៗវិញ គឺកម្ពុជានាំចូលពីប្រទេសចិន។
គួររម្លឹកថា ក្រៅពីចិន ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា រួមមានសហរដ្ឋអាម៉េរិក វៀតណាម ថៃ ជប៉ុន និង ប្រទេសកាណាដាជាដើម៕
评论被关闭。