កម្ពុជារកចំណូលបានជិត ១៤ ប៊ីលានដុល្លារ ពីការនាំចេញផលិតផល សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ

យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ១២ ខែនៃឆ្នាំ២០២៤ កម្ពុជាទទួលបាន​ចំណូល​ពីការ​នាំចេញ​ផលិតផល​​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង សម្ភារៈ​ធ្វើ​ដំណើរ (GFT) ប្រមាណ ១៣,៩២ ប៊ីលាន​ដុល្លារអាម៉េរិក ធៀបនឹង​ឆ្នាំ២០២៣ ដែលមាន​​ទឹកប្រាក់​ជាង ១១,២៩ ប៊ីលាន​ដុល្លារ កើនឡើង​ជាង ២៣%​។

ក្នុងនោះ ​ការនាំចេញ​វាយនភណ្ឌ​មានតម្លៃ​ប្រមាណ ៤២៦,៥៤ លានដុល្លារ (កើនឡើង ១៧​%) សម្លៀក​បំពាក់​ប្រមាណ ៧,៨៦៨ ប៊ីលាន​ដុល្លារ (កើនឡើង ២៤,៤៤%) ស្បែកជើង ១,៣៦៥ ប៊ីលាន​ដុល្លារ (កើនឡើង ២​៣%)  និងសម្ភារៈ​ធ្វើដំណើរ​មានតម្លៃ ១​,៦៣៣ ប៊ីលាន​ដុល្លារ​ (កើនឡើង ១៩,៦%)។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល បានថ្លែងថា ឧស្សាហកម្ម​វាយនភណ្ឌ សម្លៀកបំពាក់ និង ស្បែកជើង គឺជា​វិស័យ​អាទិភាព​របស់​កម្ពុជា ដោយបាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម។ រាជរដ្ឋាភិបាល​កម្ពុជា​យល់យ៉ាងច្បាស់ នូវភាព​ប្រកួត​ប្រជែង​ខ្ពស់​នៃឧស្សាហកម្មនេះ និងបាន​ដាក់ចេញ​នូវយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង កាបូប​កម្ពុជា២០២២-២០២៧ ដើម្បី​ជាផែនទី​ក្នុងការ​អភិវឌ្ឍ​វិស័យ​នេះ ទៅជា​ឧស្សាហកម្ម​ដែលមាន​ចីរភាព​បរិស្ថាន មានភាពធន់ មានតម្លៃ​បន្ថែមខ្ពស់ ផ្តោតលើ​ផលិតផល​ថ្លៃខ្ពស់​និងមាន​លក្ខណៈ​ពិសេស។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធាន​សមាគម​សហព័ន្ធ​អ្នកវិនិយោគ​កម្ពុជា បានឱ្យដឹងថា នៅក្នុង​ឆ្នាំ២០២៤ តម្រូវការ​បញ្ជាទិញ​ក្នុងវិស័យ​វាយនភណ្ឌ​កើនឡើង​នៅទីផ្សារ​អន្តរជាតិ រួមមាន​សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ធ្វើឱ្យ​ការនាំចេញ​របស់​​កម្ពុជា​​មានការកើនឡើង​គួរឱ្យ​កត់សម្គាល់។ ជាមួយគ្នានេះ កម្ពុជា​ក៏កំពុង​មានផែនការ​ជំរុញ​ការនាំចេញ​ផលិតផល GFT ទៅកាន់​ចក្រភព​អង់គ្លេស​ផងដែរ។

យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រសួង​ការងារ ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ គិតត្រឹម​ចុងខែ​តុលា ឆ្នាំ២០២៤ ​ វិស័យ GFT មានរោងចក្រ​និងសាខា​ចំនួន ១​ ៥៣៨ ​ដែលមាន​កម្មករ និយោជិត​ប្រមាណ ៩១៣ ០០០ នាក់ ដែលភាគច្រើន​ជាស្ត្រី៕

你可能还喜欢

评论被关闭。