ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រសហគ្រាសជាង ៤៤ ០០០ កើនឡើងជិត ៤ ០០០ រោងចក្រ
យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រសហគ្រាសជាង ៤៤ ០០០ និងមានកម្មករ-និយោជិតជិត ២ លាននាក់ មានការកើនឡើងជិត ៤ ០០០ រោងចក្រ បើធៀបនឹងឆ្នាំ២០២៣។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនារសៀលថ្ងៃទី៣០ មករា ឆ្នាំ២០២៥ នេះថា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រសហគ្រាសចំនួន ៤៤ ៧៩៨ និងមានកម្មករ-និយោជិតចំនួន ១ ៨១៦ ០៤៦ នាក់ (ស្រី ១ ០៦៤ ៦៨១ នាក់) ក្នុងនោះ រោងចក្រកាត់ដេរមានចំនួន ១ ៥៦៦ មានកម្មករ-និយោជិតចំនួន ៩២៤ ០៤៥ នាក់ (ស្រី ៦៩១ ៤២៣ នាក់)។ តួលេខនេះមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣ ខណៈឆ្នាំ២០២៣មានរោងចក្រសហគ្រាសចំនួន ៤០ ៩៧៥ រោងចក្រ និងកម្មករ-និយោជិតចំនួន ១ ៧១៥ ០២៩ នាក់ (ស្រី ១០៣ ៩៦៩៩ នាក់) ក្នុងនោះ រោងចក្រកាត់ដេរ មាន ១ ៤៩៩ និងកម្មករ-និយោជិតចំនួន ៨៨៦ ៣៥៥ នាក់ (ស្រី ៦៧៣ ៧៣៦ នាក់)។
ការកើនឡើងនៃចំនួនរោងចក្រសហគ្រាស នឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កម្មករ-និយោជិត ទទួលបានប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃនិងក្រុមគ្រួសារ ដែលទាំងនេះជាការរួមចំណែកទ្រទង់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និង កាត់បន្ថយភាពក្រក្រី៕
评论被关闭。