អង់គ្លេសសន្យាបន្តជួយកម្ពុជាដល់ឆ្នាំ២០៣២ ទោះកម្ពុជាចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០៣០

ចក្រភព​អង់គ្លេសនឹងបន្ត​ផ្ដល់ការ​អនុគ្រោះ​ផ្នែកពាណិជ្ជកម្ម​ដល់កម្ពុជា​រហូតដល់​ឆ្នាំ២០៣២ បើទោះបី​កម្ពុជា​ចាកចេញ​ពីឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅឆ្នាំ២០៣០ ក៏ដោយ។

នេះជាការ​លើកឡើង​របស់ ​លោក Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក ប្រាក់ សុខុន និងលោក Dominic Williams បានផ្លាស់ប្តូរ​ទស្សនៈគ្នា​លើមធ្យោបាយ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​កម្ពុជា-អង់គ្លេស លើវិស័យ​ជាច្រើន ពិសេស​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង វិស័យ​ការពារជាតិ រួមទាំង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៃប្រទេស​ទាំងពីរ។

ភាគី​ទាំងពីរ​បានសម្ដែង​ក្ដីរីករាយ​ចំពោះ​ទំនាក់​ទំនង​កាន់តែ​រីកចម្រើន​រវាង​កម្ពុជា​និងអង់គ្លេស និងជោគជ័យ​នៃកិច្ចពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​លើកទី២ នៅទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបាន​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូរ​កម្រិតខ្ពស់។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​លើការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម តាមរយៈ​ការវិនិយោគ​របស់​អង់គ្លេស រួមទាំង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ដំបូង​របស់​កម្ពុជា​និងគម្រោង​នានា ដូចជា​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែលរចនា​ដោយក្រុមហ៊ុន​អង់គ្លេស Foster និង Partners។ ភាគី​ទាំងពីរ​ក៏បាន​សាទរ​ចំពោះ​កំណើន​ភ្ញៀវទេសចរ​អង់គ្លេស​មកកាន់​កម្ពុជា និងឯកភាព​ក្នុងការ​រិះរក​មធ្យោបាយ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​របស់​ប្រទេស​ទាំងពីរ។

ពាក់ព័ន្ធ​នឹងវិស័យ​ពាណិជ្ជកម្ម​និងការវិនិយោគ លោក ប្រាក់ សុខុន បានស្វាគមន៍​ចំពោះ​ការរៀបចំ​ប្រកបដោយ​ជោគជ័យ​នៃវេទិកា​ពាណិជ្ជកម្ម និងការ​វិនិយោគ​រួមគ្នា (JTIF) នាខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី​ភ្នំពេញ ហើយបាន​ទទួលស្គាល់​ពីសារៈសំខាន់​នៃការ​រួមបញ្ចូល​កម្ពុជា​ក្នុងគម្រោង​ពាណិជ្ជកម្ម​ប្រទេស​កំពុង​អភិវឌ្ឍន៍ (DCTS) សម្រាប់​កំណើន​សេដ្ឋកិច្ច។ លោកបាន​កោតសរសើរ​ចំពោះ​ការបន្ត​គាំទ្រ​របស់​អង់គ្លេស រួមទាំងការ​សម្រេច​បន្ត​ផ្តល់អត្ថប្រយោជន៍​ដល់កម្ពុជា ក្រោមគម្រោង​ពាណិជ្ជកម្ម​ប្រទេស​កំពុង​អភិវឌ្ឍន៍​រហូត​ដល់ឆ្នាំ២០៣២ បន្ទាប់ពី​កម្ពុជា​ចាកចេញ​ពីឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ជួយធានា​ឱ្យមាន​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​កម្ពុជា​ដោយរលូន។

សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ លោក ប្រាក់ សុខុន បានអរគុណ​ចំពោះ​ការគាំទ្រ​របស់​អង់គ្លេស​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា រួមទាំង​វិស័យ​អប់រំ ការថែទាំ​សុខភាព និង ការដោះមីន ខណៈ​លោកបាន​បង្ហាញ​ការស្វាគមន៍ ចំពោះ​ការបើក​សាកលវិទ្យាល័យ​អង់គ្លេស​ដំបូងគេនៅកម្ពុជា គឺសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត។

លោក ប្រាក់ សុខុន បាន​អំពាវនាវ​ឱ្យមានការផ្លាស់ប្តូរ​ការអប់រំ និងកម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស​ឱ្យកាន់តែ​ប្រសើរឡើង​ថែមទៀត។ លោកក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការ​វិនិយោគ​របស់​អង់គ្លេស​បន្ថែមទៀត​នៅកម្ពុជា៕

你可能还喜欢

评论被关闭。