កម្ពុជាបានចំណាយជាង ១ ប៊ីលានដុល្លារលើការនាំចូលយានយន្តក្នុងឆ្នាំ២០២៤

របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋករ​កម្ពុជា​បានបង្ហាញថា កម្ពុជា​បានចំណាយ​ទឹកប្រាក់​ជាង ១ ប៊ីលាន​ដុល្លារអាម៉េរិក​លើការ​នាំចូល​យានយន្ត​គ្រប់ប្រភេទ​ក្នុងឆ្នាំ២០២៤ កើនឡើង​ជិត ១២% បើធៀបនឹង​ឆ្នាំ២០២៣ ដែលមាន​ទឹកប្រាក់​សរុប​ជិត ៩០៣ លានដុល្លារ។

អគ្គនាយកដ្ឋាន​គយនិង​រដ្ឋករ​បានឱ្យដឹងថា ការកើនឡើង​នៃការនាំចូល​ក្នុងឆ្នាំ២០២៤ គឺដើម្បី​បំពេញ​តម្រូវការ​ក្នុងស្រុក​ ស្របពេល​ដែលវត្តមាន​រថយន្ត​ថ្មីៗ ជាពិសេស​រថយន្ត​អគ្គិសនី (EV) កំពុង​ទទួលបាន​ការគាំទ្រ​គួរឱ្យ​កត់សម្គាល់។

បើតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​លោក Kevin Whitcraft ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន RMA ដែលបាន​ផ្ញើជូន​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ខែធ្នូ ឆ្នាំ២០២៤ ទីផ្សារ​រួមនៃ​រថយន្ត​ក្នុងរយៈពេល ៩ ខែ​ដំបូង​នៃឆ្នាំ២០២៤ នៅតែ​មានការ​ធ្លាក់ចុះ ៥% បើធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣ ខណៈ​ដែលទីផ្សារ​រថយន្ត​ថ្មីមានការ​កើនឡើង​ចំនួន ៥%។ មានតែ​រយៈពេល ៤ ខែចុងក្រោយនៃឆ្នាំ២០២៤ ដែលការលក់​រថយន្ត​ថ្មីមានការ​កើនឡើង​កាន់តែ​ខ្លាំង ពោលគឺ​កើនឡើង ៤២% បើធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣។

បើតាម​របាយការណ៍​ក្រសួង​សារធារណការនិងដឹកជញ្ជូន ក្រសួង​បានចុះបញ្ជី​យានយន្ត​ជាង ៣៧ ម៉ឺនគ្រឿង​ក្នុងឆ្នាំ២០២៤ (ទោចក្រយានយន្ត​ប្រមាណ ៣១ ម៉ឺនគ្រឿង​និងរថយន្ត​គ្រប់ប្រភេទ​ប្រមាណ ៥,៥ ម៉ឺនគ្រឿង) ក្នុងនោះ រថយន្ត​បំពាក់​ផ្លាកលេខ​ពិសេស​និងផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន ប្រមាណ ៣ ម៉ឺនគ្រឿង និងទទួលបាន​ចំណូល​សរុប​ជាង ១៨ លាន​ដុល្លារ និងយានយន្ត​ដើរដោយ​ថា​មពល​​អគ្គិសនី​ប្រមាណ ៣ ០០០ គ្រឿង។ ក្នុងឆ្នាំ២០២៤ នេះ​ផងដែរ មានរថយន្ត​​អគ្គិសនី​​ចុះបញ្ជី​សរុប ២ ២៥៣ គ្រឿង កើនលើស​ឆ្នាំ២០២៣ ចំនួន ៦២០% ដែលមាន​ចំនួន​ត្រឹមតែ​ ៣១៣ គ្រឿង។ ដោយឡែក ក្រសួង​បានចេញ​បណ្ណបើកបរ​ប្រមាណ ១១ ម៉ឺនបណ្ណ ក្នុងនោះ​ទោចក្រ​យានយន្ត​ប្រមាណ ៩ ម៉ឺន​បណ្ណ និងរថយន្ត​ប្រមាណ​ជិត ១,៤ ម៉ឺន​បណ្ណ និង​បណ្ណ​អាជីវកម្ម​គ្រប់ប្រភេទ​ចំនួន ៧ ម៉ឺន​បណ្ណ៕

你可能还喜欢

评论被关闭。