កម្ពុជា-អាម៉េរិកពិភាក្សាលើការប្រយុទ្ធប្រឆាំង សកម្មភាពបោកប្រាស់តាមអនឡាញ
នៅក្នុងជំនួបរវាងលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ជាមួយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នា ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញនិងការជួញដូរមនុស្ស ដែលកំពុងរីកសាយភាយនៅក្នុងតំបន់។
យោងតាមរបាយការណ៍របស់ការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) សហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៣ បង្ហាញថា ការបោកប្រាស់តាមអនឡាញបានយកលុយពីពលរដ្ឋអាម៉េរិកជាង ១២,៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ២២% បើធៀបនឹងឆ្នាំ២០២២។
ការបោកប្រាស់តាមអនឡាញពេលនេះ បានក្លាយជាប្រធានបទសំខាន់នៅតំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតប្រទេសអាស៊ានទាំង១០ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង អ៊ី (Wang Yi) បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានឱ្យចាត់វិធានការខ្លាំងក្លា ដើម្បីបង្ក្រាបការលេងល្បែងស៊ីសងនិងការបោកប្រាស់តាមអ៊ីនធើណិត ដោយបានលើកឡើងពីក្ដីបារម្ភចំពោះប្រតិបត្តិការឧក្រិដ្ឋកម្មជាច្រើនក្នុងតំបន់អាស៊ាន។
នៅក្នុងមហាសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតគណៈកម្មាធិការចំពោះកិច្ចអន្តរក្រសួង ប្រឆាំងឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញ៕
评论被关闭。