រោងចក្រផលិតរបងពីអាលុយមីញ៉ូមសហរដ្ឋអាម៉េរិកបើកដំណើការនៅកម្ពុជា
រោងចក្រផលិតរបងអាលុយមីញ៉ូមរបស់ក្រុមហ៊ុន Fence Empire LLC សហរដ្ឋអាម៉េរិក បានបើកដំណើការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលជាយុទ្ធសាស្រ្តពង្រីកវត្តមានមកកាន់បណ្តាប្រទេសនានានៅលើពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Fence Empire LLC កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា រោងចក្រផលិតរបងអាលុយមីញ៉ូមនេះ ត្រូវបានបើកការសាងសង់តាំងពីឆ្នាំ២០២៤ ដែលជារោងចក្រទំនើបមួយ និងជាការបោះជំហានយុទ្ធសាស្ត្រថ្មីមួយទៀតរបស់ខ្លួន ក្នុងការពង្រីកវត្តមានទៅក្រៅប្រទេស និងបំពេញតម្រូវការទីផ្សារដែលកើនឡើង សម្រាប់ផលិតផលរបងអាលុយមីញ៉ូមដែលមានគុណភាពខ្ពស់។
រោងចក្រនេះមានសមត្ថភាពផលិតកម្រិតខ្ពស់ ដោយមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ២០ ម៉ឺនតោន ដោយត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមផលិតកម្ម និងធានាបាននូវប្រតិបត្តិការប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុននេះបានលើកឡើងថា សម្រាប់វត្តមាននៃរោងចក្ររបស់ខ្លួននៅកម្ពុជា មិនត្រឹមតែជាការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាជាយុទ្ធសាស្រ្តកាត់បន្ថយហានិភ័យពាណិជ្ជកម្មដែលអាចកើតមាន ដូចជាពន្ធគយ ខណៈដែលវាក៏បានចូលរួមចំណែកក្នុងការធានាបាននូវការផលិតប្រកបដោយនិរន្តរភាព។ សម្រាប់ការវិនិយោគជាយុទ្ធសាស្ត្រនេះ នឹងជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួនផងដែរ។
Fence Empire LLC ត្រូវបានបង្កើតឡើងដើម្បីបម្រើទីផ្សាររបងអាម៉េរិកខាងជើង ជាពិសេសរបងឈើបែបជប៉ុន៕
评论被关闭。