ខេត្តកែបមានឆ្នេរកម្សាន្តគួរឱ្យទាក់ទាញ ៣ កន្លែង សម្រាប់ភ្ញៀវទេសចរសម្រាកលម្ហែ
រដ្ឋបាលខេត្តកែបបានឱ្យដឹងថា កែបដែលជាខេត្តស្ថិតនៅតំបន់ឆ្នេរ មានឆ្នេរកម្សាន្តយ៉ាងហោចណាស់ចំនួន ៣ កន្លែងដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្តសប្បាយ។
កែបជាខេត្តគោលដៅជាប់សមុទ្រដ៏ទាក់ទាញមួយ ខណៈដែលខេត្តដ៏តូចច្រឡឹងនេះមានឆ្នេរសមុទ្រជាប់ដីគោកប្រវែង ២៧ គីឡូម៉ែត្រ លាតសន្ធឹងទៅដល់ព្រំប្រទល់ព្រែកចាកខេត្តកំពត។ បច្ចុប្បន្ននេះ ខេត្តកែបមានឆ្នេរកម្សាន្តចំនួន ៣ កន្លែង មានប្រវែងយ៉ាងតិច ៦ ០០០ ម៉ែត្រ ខណៈកន្លងទៅមានឆ្នេរកម្សាន្តតែមួយកន្លែងដែលមានប្រវែងត្រឹមតែ ៥០០ ម៉ែត្រសម្រាប់ទេសចរមកកម្សាន្តប៉ុណ្ណោះ។
ឆ្នេរកម្សាន្តទាំង ៣ កន្លែងនៅក្នុងខេត្តកែប ដែលភ្ញៀវទេសចរអាចមកអង្គុយសម្រាកលម្ហែ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ទទួលទានអាហារ និង លេងទឹកជាដើមនោះ រួមមាន៖ (១) ឆ្នេរស្រីស មានប្រវែងជាង ៥០០ ម៉ែត្រ (២) ឆ្នេរអង្កោល មានប្រវែងជាង ៣ ០០០ ម៉ែត្រ និង (៣) ឆ្នេរតេជោសន្តិភាពកែប ដែលកំពុងអភិវឌ្ឍជាឆ្នេរប្រណីតកម្រិតខ្ពស់មានប្រវែង ២ ៧០០ ម៉ែត្រ។
ខេត្តកែបមានលក្ខខណ្ឌអំណោយផលនិងសក្តានុពលពីធម្មជាតិ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ធម្មជាតិនិងទេសចរណ៍វប្បធម៌ជាដើម។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្នេរសមុទ្រខេត្តកែបចែកចេញជា ៥ ប្រភេទ រួមមាន៖
-ឆ្នេរខ្សាច់ ប្រវែងប្រមាណ ២,២២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង
-ឆ្នេរថ្ម ប្រវែងប្រមាណ ១១,៤២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង
-ឆ្នេរភក់ ប្រវែងប្រមាណ ៦,៧៦ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង
-ឆ្នេរព្រៃកោងកាង ប្រវែងប្រមាណ ៦,៣៣ គីឡូម៉ែត្រ មានចំនួន ១០ ទីតាំង
-ឆ្នេរផ្សេងៗ ប្រវែងប្រមាណ ០,៤ គីឡូម៉ែត្រ មានចំនួន ១១ ទីតាំង។
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំប្លង់គោលចក្ខុវិស័យឆ្នាំ២០៣០ រៀបចំនិងអភិវឌ្ឍ “ក្រុងកែបជាទីក្រុងទំនើប មានខ្យល់អាកាសធម្មជាតិបរិសុទ្ធ សម្រាប់ការស្នាក់នៅ ប្រកបការងារ និង ទេសចរណ៍ ជាបុរីលំនៅដ្ឋានស្ងប់ស្ងាត់ ដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និង គុណភាពបរិស្ថានរស់នៅបៃតងធម្មជាតិល្អប្រណីត ប្រកបដោយសុភមង្គល និងជាតំបន់ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិ អាចមកសម្រាកលម្ហែកម្សាន្តគ្រប់រដូវកាល៕
评论被关闭。