ផ្លូវថ្មើរជើងភ្នំពេញបើកដំណើរការសាកល្បង រដ្ឋបាលរាជធានីគ្រោងបង្កើតកម្មវិធីចម្រុះដើម្បីទាក់ទាញទេសចរ
ផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញត្រូវបានដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីគ្រោងបង្កើតកម្មវិធីចម្រុះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកដើរកម្សាន្តឱ្យបានកាន់តែច្រើន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យនិងបុរាណ ការគូរគំនូរ និងការលេងសៀករហ័សកម្មជាដើម ដើម្បីបម្រើដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងនេះ។
លោកបានឱ្យដឹងទៀតថា តាមពិតរដ្ឋបាលរាជធានីភ្នំពេញបានគិតគូររួចហើយអំពីគម្រោងផ្លូវថ្មើរជើងនេះ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ-១៩ ទើបគម្រោងនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ទើបត្រូវបានបង្កើតឡើងវិញនិងបានដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ដោយឡែក លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញកំពុងត្រៀមលក្ខណៈដាំដើមឈើចំនួន ៧៥ ហិកតា ដើម្បីជាជម្រើសឱ្យបងប្អូនប្រជាពលរដ្ឋអាចទៅដើរលេងកម្សាន្តនៅក្នុងទីតាំងដែលមានដើមឈើនោះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើងនេះធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨ និង ០០ នាទីល្ងាច រហូតដល់ម៉ោង ២៣ និង ០០ នាទីយប់ ស្ថិតនៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ដោយចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើងនេះប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទផ្លូវនិងពង្វាងចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលានិងម៉ោងដែលបានកំណត់ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើងលើផ្លូវថ្មើរជើងនេះដោយសុវត្ថិភាពនិងរីករាយ៕
评论被关闭。