សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអគ្គនាយកក្រុមហ៊ុន JTI លោក Eddy Pirard

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយលោក Eddy Pirard អគ្គនាយក និងជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន Japan Tobacco International (JTI) នៅវិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក Eddy Pirard បានរាយការណ៍​ជូនសម្តេចតេជោ​ពីកិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន JTI ក្នុងការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម​កម្ពុជា តាមរយៈ​ការទទួលបាន​ចំណាត់ថ្នាក់​ល្អ ក្នុងនាមជា​និយោជក ក្រុមហ៊ុន​ប្រតិបត្តិ​អនុលោម​តាមលក្ខន្តិកៈ​កម្ពុជា ជាពិសេស​បានរួមចំណែក​លើកស្ទួយ​បរិស្ថាន​នៅកម្ពុជា តាមរយៈ​សកម្មភាព​បណ្តុះ​កូនឈើ​និងការ​ធ្វើការ​ជាមួយ​ សហគមន៍​មូលដ្ឋាន ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស ការជ្រើសរើស​បុគ្គលិក​ក្នុងស្រុក និង បានក្លាយជា​ដៃគូ​ដ៏ល្អ​ជាមួយ​កម្ពុជា​សម្រាប់​វឌ្ឍនភាព​រួមគ្នា ដោយចាត់ទុក​ការរីកចម្រើន​របស់​កម្ពុជា គឺជា​ការរីកចម្រើន​របស់​ក្រុមហ៊ុន។

ជាការ​ឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសាទរ​និងវាយតម្លៃខ្ពស់​ចំពោះ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន JTI នាពេល​កន្លងមក ដែលក្រុមហ៊ុន​បានធ្វើជាគំរូ​ល្អក្នុងការ​អនុលោម​សារពើពន្ធ និងជា​សមាជិក​ក្រុមធុរជន​ល្អបំផុត ព្រមទាំង​បានចូលរួម​ក្នុងការ​អភិវឌ្ឍ​បៃតង​ប្រកបដោយ​ចីរភាព និងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង ការផ្តល់​ប្រព័ន្ធ​អគ្គិសនី​ប្រើថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅបណ្តោយ​ផ្លូវជាតិ​នានា។

សម្តេចតេជោ​បានលើក​ទឹកចិត្ត​ឱ្យក្រុមហ៊ុន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ និងឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បី​ជំរុញ​កិច្ចសហការ​សិក្សា​ស្រាវជ្រាវ ដោយប្រើប្រាស់​បច្ចេកវិទ្យា​និងបទពិសោធ​ល្អៗ ជាពិសេស​បទពិសោធ​ជប៉ុន​លើការ​ជ្រើសរើស​ពូជ ការប្រើប្រាស់​ដី និង បច្ចេកទេស​កេ្សតសាស្រ្ត​ដាំដុះ ជាពិសេស​ដីដែលគ្មាន​ឬមានល្បាប់​តិចតួច សំដៅ​ជួយកសិករ​បង្កើន​គុណភាព​និងទិន្នផល​ដាំដុះ​សន្លឹក​ថ្នាំជក់​នៅកម្ពុជា។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​គួរសហការ​ជាមួយ​សហគមន៍​ដាំដុះ​សន្លឹក​ថ្នាំជក់ ដែលជា​សមាជិក​ម៉ាកសមូហភាព​របស់​ក្រសួង​ពាណិជ្ជកម្ម សិក្សា បង្កើន​ការផលិត​និងពង្រីក​ទីផ្សារ​នាំចេញ ដើម្បី​ធានាបាន​និរន្តរភាព​នៃការដាំដុះ​ក្នុងទម្រង់​ភាពជា​ដៃគូ​ឈ្នះ-ឈ្នះ ផងដែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ​ក៏បាន​ផ្តល់​អនុសាសន៍​​ដល់ក្រុមហ៊ុន JTI ពិនិត្យ​លទ្ធភាព​និងទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ជាពិសេស​ការធ្វើ​ពិពិធកម្ម​ផលិតកម្ម​លើវិស័យ​ផ្សេងទៀត តួយ៉ាង​ដូចជា​ឧស្សាហកម្ម​ឱសថ​និងកែច្នៃ​ចំណីអាហារ៕

你可能还喜欢

评论被关闭。