វិស័យធានារ៉ាប់រងនៅកម្ពុជាទទួលបានចំណូលជាង ៣៥៦ លានដុល្លារក្នុងឆ្នាំ២០២៤

ឧស្សាហកម្ម​ធានារ៉ាប់រង​របស់​កម្ពុជា​បាន​កត់ត្រា​​កំណើន​​បុព្វលាភ​​រ៉ាប់រង ​(ប្រាក់ចំណូល) ជាមួយ​ទំហំ​ទឹកប្រាក់ ៣៥៦,៤៥ លាន​​ដុល្លារអាម៉េរិក​ក្នុងឆ្នាំ២០២៤ កើនឡើង ៣,៥% បើ​ធៀបនឹងឆ្នាំ២០២៣​។

​យោងតាម​របាយការណ៍​របស់​និយ័តករ​ធានារ៉ាប់រង​កម្ពុជា (IRC) ​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ២០២៤ បុព្វលាភ​ឧស្សាហកម្ម​ធានារ៉ាប់រង​សរុប ៣៥៦,៤៥ លាន​​ដុល្លារ គឺបាន​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំង ៤១ របស់​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន ១៨ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ១៤ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន ​៧​ និង ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១​។ បច្ចុប្បន្ន ឧស្សាហ​កម្មធានារ៉ាប់រង​មានទ្រព្យ​សកម្ម​សរុប​ចំនួន ១,១ ប៊ី​លាន​ដុល្លារ​។​

ជាមួយគ្នានេះ នៅក្នុង​ឆ្នាំ២០២៤ វិស័យធានារ៉ាប់រង​របស់​កម្ពុជា​បានធ្វើការ​ទូទាត់​សំណងដែល​មាន​ទឹកប្រាក់​រហូតដល់ ៧៩,៧ ​លាន​ដុល្លារ កើនឡើងជិត ២០% បើធៀបនឹង​​ឆ្នាំ២០២៣ ដែលមាន ៦៧ លាន​ដុល្លារ។

អគ្គនាយក IRC ​លោក ប៊ូ ច័ន្ទភីរូ​ បានឱ្យដឹង​កាលពី​ពេលថ្មីៗនេះថា ដោយសារ​កម្ពុជា​រក្សា​បាននូវ​ស្ថិរភាព​នយោបាយនិង​កំណើន​សេដ្ឋកិច្ច ក្នុង​រយៈពេល ២ ទសវត្ស​រ៍​ចុង​ក្រោយនេះ វិស័យ​ធានារ៉ាប់រង​កម្ពុ​ជា​មាន​ការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ហើយ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​សន្តិសុខ​សង្គម​និង​សេដ្ឋកិច្ចជាតិ​។​

លោកបាន​លើកឡើងថា បើ​ក្រឡេកមើល​សូចនាករ​សំខាន់ៗ ដូចជា​អត្រា​ការរួមចំណែក​ធានារ៉ាប់រង​ផ្នែក​សេដ្ឋកិច្ច និង​ដង់ស៊ីតេ​ធានារ៉ាប់រង​កម្ពុជា អត្រា​វិភាគទាន​មាន​ត្រឹមតែ ១,១៤% ​ប៉ុណ្ណោះ ហើយ​ដង់ស៊ីតេ​មាន​ត្រឹមតែ ២០,៧២ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មនុស្ស​ម្នាក់​កាលពី​ឆ្នាំ២០២៣​។​ សូចនាករ​នេះ​បង្ហាញថា ទីផ្សារ​ធានារ៉ាប់រង​កម្ពុជានៅតែមាន​សក្ដានុពល​ខ្លាំង ​សម្រាប់​ការអភិវឌ្ឍ​នៅពេល​អនាគត ប៉ុន្តែ​ឧស្សាហកម្ម​មួយ​នេះ​ក៏​ប្រឈម​នឹង​កត្តា​មួយចំនួន​ផងដែរ ដូចជា​កង្វះ​ជំនាញ​ធានារ៉ាប់រង​និងការយល់ដឹង​​ជា​សាធារណៈ។

​IRC ក៏បានបង្ហាញថា បុព្វលាភ​ធានារ៉ាប់រង​ដុល (GWP) នៃ​វិស័យ​ធានារ៉ាប់រង​របស់​កម្ពុ​ជាកាលពី​ឆ្នាំ២០២៣ មាន​ចំនួន ៣៣២ លាន​ដុល្លារ កើនឡើង ២០% បើធៀបនឹង​ឆ្នាំ២០២២ ​ដែលមាន ៣៣១,៨ លាន​ដុល្លារ៕

你可能还喜欢

评论被关闭。