កម្ពុជាបានចំណាយទឹកប្រាក់ជាង ២,៥ ប៊ីលានដុល្លារ ក្នុងការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ២០២៤
របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានបង្ហាញថា កម្ពុជាបានចំណាយទឹកប្រាក់ជាង ២,៥១១ ប៊ីលានដុល្លារអាម៉េរិក លើការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ២០២៤ កើនឡើងជិត ៣៦% បើធៀបនឹងឆ្នាំ២០២៣ ដែលមានទឹកប្រាក់ជាង ១,៨៤៩ ប៊ីលានដុល្លារ។
អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់នាំចូលសម្ភារៈសំណង់ជាង ២,៥១១ ប៊ីលានដុល្លារ ការនាំចូលសម្ភារៈសំណង់ចាំបាច់នានាមានទឹកប្រាក់ជាង ១,៦៥២ ប៊ីលានដុល្លារ កើនឡើងជាង ២៤% ការនាំចូលដែកនានាមានទឹកប្រាក់ជាង ៨៤២ លានដុល្លារ កើនឡើងជិត ៦៩% និង ការនាំចូលស៊ីម៉ង់ត៍មានទឹកប្រាក់ជិត ១៧ លានដុល្លារ ថយចុះជិត ១៧%។
ការកើនឡើងនៃទំហំទឹកប្រាក់លើការនាំចូលសម្ភារៈសំណង់ គឺអាស្រ័យលើការចាប់ផ្ដើមកម្រើកឡើងវិញនូវការទិញ-លក់អចលនទ្រព្យនៅក្នុងឆ្នាំ២០២៤ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាម។
យោងតាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងថា គិតត្រឹមរយៈពេល ១០ ខែនៃឆ្នាំ២០២៤ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ៥១៦ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ១ ប៊ីលានដុល្លារ។ វិស័យសំណង់នៅរាជធានីភ្នំពេញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានអគារពាណិជ្ជកម្ម សណ្ឋាគារ និង ខុនដូប្រណីត ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលសរុបជាសំណង់បុរីនិងផ្ទះល្វែងចំនួន ៤៤៨ កន្លែង និងអគារខ្ពស់ៗចំនួន ១ ៨៤៩ អគារ។
ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជានិងក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ បានបើកកិច្ចប្រជុំនិងស្នើឱ្យគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អតិថិជនលើការបង់រម្លោះផ្ទះនានា។
យោងតាមធនាគារជាតិនៃកម្ពុជា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទៅក្នុងវិស័យអចលនទ្រព្យ មានប្រមាណ ៦,២ ប៊ីលានដុល្លារ ឬស្មើនឹង ១០%នៃទំហំឥណទានជាង ៦១ ប៊ីលានដុល្លារ មានកំណើន ១៧,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕
评论被关闭。