ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យលើសំណើគម្រោងវិនិយោគចំនួន ១២ ជាមួយទុនសរុប ១៣៥ លានដុល្លារ

នាព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបើក​កិច្ចប្រជុំ​ច្រកចេញចូល​តែមួយ ដើម្បី​ពិនិត្យ​និងពិភាក្សា​លើ​គម្រោង​វិនិយោគ​ចំនួន ១២ ជាមួយ​ទុនវិនិយោគ​សរុប​ប្រមាណ ១៣៥ លាន​ដុល្លារអាម៉េរិក។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោមវត្តមាន​លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា។

អង្គប្រជុំ​បានពិនិត្យ​ពិភាក្សា​លើសំណើ​សុំចុះបញ្ជី​គម្រោង​វិនិយោគ ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ចំនួន ១២ ​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ១៣៥ លានដុល្លារ ដែលអាចបង្កើត​ការងារ​បានចំនួន​ប្រមាណ ៧ ០០០ កន្លែង និងមាន​មុខសញ្ញា​វិនិយោគ​ក្នុងវិស័យ​ឧស្សាហកម្ម​ចំនួន ១១ គម្រោង រួមមាន​គម្រោង​ផលិត​ឧបករណ៍​បរិក្ខារពេទ្យ ផ្គុំនិង​ដំឡើង​គ្រឿងអគ្គិសនី​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ការកែច្នៃ​លោហធាតុ ផលិតពិល ផលិត​គ្រោងសំណង់​ពីលោហធាតុ ឧបករណ៍​ជាងគ្រប់ប្រភេទ កាត់ដេរ ចាក់សម្លៀកបំពាក់​និងជ្រលក់​ពណ៌។ ដោយឡែក មុខសញ្ញា​វិនិយោគ​ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ១ គម្រោង គឺគម្រោង​អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី ដើរដោយ​ថាមពល​ព្រះអាទិត្យ ដែលមាន​អានុភាព ៣០ មេហ្គាវ៉ាត់។ មុខសញ្ញា​វិនិយោគ​ទាំង ១២ ម្រោង​នេះ បានបោះ​ទីតាំង​វិនិយោគ​នៅខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពត និង ខេត្តកំពង់ឆ្នាំង។

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅក្នុង​ឆ្នាំ២០២៤ បានអនុម័ត​គម្រោង​​វិនិយោគ​សរុប​ចំនួន ៤១៤ គម្រោង ក្នុងនោះ​គម្រោង​វិនិយោគ​ថ្មីចំនួន ៣៨៧ គម្រោង និងគម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ២៧ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៦,៩ ប៊ីលាន​ដុល្លារ និងអាច​បង្កើត​ការងារ​បានប្រមាណ​ជិត ៣២ ម៉ឺនកន្លែង។

ដោយឡែក សម្រាប់​ខែមករា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានអនុម័តគម្រោង​វិនិយោគ​សរុប​ចំនួន ៦៨ គម្រោង ក្នុងនោះ​គម្រោង​វិនិយោគ​ថ្មីចំនួន ៦៤ គម្រោង និងគម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៤ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧៤៨ លានដុល្លារ៕

你可能还喜欢