ផ្លូវ ៦០ ម៉ែត្រត្រូវបានដាក់របាំងទ្រូងផ្លូវជាផ្លូវការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មហាវិថី​សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ដំឡើង​របាំង​ទ្រូងផ្លូវ​ជាផ្លូវការ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និងការពារសុវត្ថិភាព​និងអាយុជីវិត​របស់​អ្នកដំណើរ។

ប្រភព​ក្រសួង​សាធារណការ​និងដឹកជញ្ជូន​បានឱ្យដឹងថា ការដាក់​របាំង​ទ្រូវផ្លូវ​លើផ្លូវ ៦០ ម៉ែត្រនេះ មានដំឡើង​ជារបាំង​ដែកនិងរបាំងបេតុង ដោយបាន​កំណត់​លើទីតាំង​ដូចខាងក្រោម៖

១. របាំង​ទ្រូងផ្លូវ​ដែក ត្រូវបាន​ដំឡើង​ចាប់ពី​ស្ពានអាកាស​មរតក​តេជោ ដល់ភ្លើង​សញ្ញា​ចរាចរណ៍​ប្រសព្វ​មហាវិថី​ ហ៊ុន នាង។ កំណាត់​ផ្លូវនេះ​ត្រូវបាន​កំណត់​ល្បឿន​អតិបរមា ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង។

២. របាំង​ទ្រូងផ្លូវ​បេតុង ត្រូវបាន​ដំឡើង​ចាប់ពី​មហាវិថី ហ៊ុន នាង ដល់ផ្លូវជាតិ​លេខ២។ កំណាត់​ផ្លូវនេះ​ត្រូវបាន​កំណត់​ល្បឿន​អតិបរមា ៦០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង។

ទន្ទឹមនឹងនេះ ផ្លូវ ៦០ ម៉ែត្រ​នេះក៏ត្រូវបាន​អ៊ុតគំនូស​ចរាចរណ៍ ដោយគូស​គំនូស​បែងចែក​គន្លង​រថយន្ត​និងទោចក្រយានយន្ត ព្រមទាំងដំឡើង​ស្លាកសញ្ញា​ចរាចរណ៍បន្ថែម​ផងដែរ។

ការដាក់​របាំង​ទ្រូងផ្លូវ​លើផ្លូវ ៦០ ម៉ែត្រនេះ ធ្វើឡើង​បន្ទាប់ពី​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាបន្តបន្ទាប់​ក្នុងអំឡុង​ខែមករា ឆ្នាំ២០២៥ នេះ ដោយបង្ក​ឱ្យមានមនុស្ស​ស្លាប់និងរបួស​ជាច្រើន និងមានការ​ណែនាំ​ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងការ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​និងប្រព័ន្ធ​សុវត្ថិភាព​ចរាចរណ៍។

ប្រជាពលរដ្ឋ​បានសាទរ​ចំពោះ​ការរៀបចំ​ហេដ្ឋរចនាសម្ព័ន្ធ​និងប្រព័ន្ធ​សុវត្ថិភាព​ចរាចរណ៍​លើផ្លូវ ៦០ ម៉ែត្រ ដែលជា​ច្រកចរាចរណ៍​ដ៏មមាញឹក​មួយនេះ។

ទោះយ៉ាងណា អាជ្ញាធរ​មានសមត្ថកិច្ច​នៅតែ​អំពាវនាវ​ដល់ប្រជាពលរដ្ឋ ជាពិសេស​អ្នកធ្វើ​ដំណើរ​តាមដងផ្លូវ​ទាំងអស់​ គប្បី​គោរព​ច្បាប់ចរាចរណ៍​ឱ្យបានខ្ជាប់ខ្ជួន​គ្រប់ពេលវេលា​និងគ្រប់កាលៈទេសៈ ដើម្បី​ចូលរួម​បង្ការ​និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ជាអតិបរិមា ដែលជា​ការការពារ​អាយុជីវិត​ខ្លួនឯងផងនិងអ្នកដទៃផង៕

你可能还喜欢

评论被关闭。