ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យតាមដានគម្រោងវិនិយោគ

នាព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានបើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លើការ​រៀបចំ​យន្តការ​ប្រទាក់ក្រឡា និងមាន​សង្គតិភាព​នៃលំហូរ​ការងារ ពីថ្នាក់ជាតិ​ដល់ថ្នាក់​ក្រោមជាតិ ជុំវិញ​ការគ្រប់គ្រង​ការចុះបញ្ជីគម្រោងវិនិយោគ និងការ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​គម្រោង​វិនិយោគ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

កិច្ចប្រជុំ​នេះធ្វើឡើង​ក្នុងគោលបំណង​ដើម្បី​ប្រមូល​ធាតុចូល ជំរុញ​ការរៀបចំ​យន្តការ​ប្រទាក់​ក្រឡា និងមាន​សង្គតិភាព​នៃលំហូរ​ការងារ​ពីថ្នាក់ជាតិ​ដល់ថ្នាក់​ក្រោមជាតិ ជុំវិញ​ការគ្រប់គ្រង​ការចុះបញ្ជី បង្កើត​ជាទិន្នន័យ​ប្រមូលផ្ដុំ និង បង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្ត​គម្រោង​វិនិយោគ ដោយស្មារតី​សហការ​គ្នាដ៏រស់រវើក ប្រកបដោយ​សហ​ថាមពល ក្នុងអភិក្រម “ជវភាព​នៃប្រព័ន្ធ​តួអង្គ​តែមួយ” គាំទ្រ​ការសម្រេច​ឱ្យបាន​នូវទិសដៅ​ប្រែក្លាយ​កម្ពុជា​ជាប្រទេស​ដែលមាន​ចំណូលខ្ពស់​នៅឆ្នាំ២០៥០។

នៅក្នុង​កិច្ចប្រជុំ លោក ស៊ុន ចាន់ថុល បានលើកឡើង​អំពី​បេសកកម្ម​និងចក្ខុវិស័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងនាមជា​សេនាធិការ​និងជា​ច្រកចេញចូល​តែមួយ​របស់​រាជរដ្ឋាភិបាល លើការងារ​គ្រប់គ្រង​ការវិនិយោគ​ឯកជន​និងតំបន់​សេដ្ឋកិច្ច​ពិសេស។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាននិង​កំពុង​បន្ត​ខិតខំ​ជំរុញ​ការកែលម្អ ក៏ដូចជា​ធ្វើឱ្យ​ប្រសើរឡើង​នូវបរិយាកាស​ធុរកិច្ច​និងការ​វិនិយោគ តាមរយៈ​ការជំរុញ​ផ្សព្វផ្សាយ​នូវច្បាប់​ស្ដីពី​វិនិយោគ ការគោះទ្វារ​វិនិយោគ​នៅក្រៅ​ប្រទេស ព្រមទាំង​ការសម្រួល​និងធ្វើ​សាមញ្ញកម្ម​លើនីតិវិធី​ពាក់ព័ន្ធ​នានា ជាពិសេស​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម សម្រាប់​ការផ្ដល់​សេវា​សាធារណៈ​នៅក្នុង​ស្ថាប័នរដ្ឋ និងការ​ចូលរួម​ជំរុញ​ការអនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាល​ទី១ ដែលបាន​កំណត់​យកបច្ចេកវិទ្យា​ជាអាទិភាព​គន្លឹះ​ទី៥ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព កសាង​មូលដ្ឋានគ្រឹះ​ទៅសម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០។

អង្គប្រជុំ​បានធ្វើការ​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ និងបញ្ហា​ប្រឈម​នៃការ​គ្រប់គ្រង​ការចុះ​បញ្ជី​វិនិយោគ និងការ​តាមដាន​បច្ចុប្បន្ន​ភាព​ក្នុងក្របខណ្ឌ​ការងារ​សម្រួល​កិច្ចវិនិយោគ​នៅកម្ពុជា។ អង្គប្រជុំ​ក៏បាន​ធ្វើបទបង្ហាញ​អំពី​ប្រព័ន្ធ cdcIPM សម្រាប់​ចុះបញ្ជី​គម្រោង​វិនិយោគ សម្រាប់​ថ្នាក់ក្រោមជាតិ​ និងផែនការ​ធ្វើសន្ធានកម្ម​ជាមួយ​អន្តរ​ក្រសួង-ស្ថាប័ន តាមគោលការណ៍​របស់​រាជរដ្ឋាភិបាល​កន្លងទៅ។

អង្គប្រជុំ​ក៏បាន​ឯកភាព​លើការ​កំណត់​របៀបវារៈ​ការងារ​បន្ទាប់ ដើម្បី​កំណត់​នូវយន្តការ​គតិយុត្ត​និងយន្តការ​បច្ចេកវិទ្យា ដែលមាន​សង្គតិភាព​ថ្នាក់ជាតិ​ដល់ថ្នាក់​ក្រោមជាតិ ក្នុងអភិក្រម “ជវភាព​នៃប្រព័ន្ធ​តួអង្គ​តែមួយ” តាមការ​ចង្អុល​បង្ហាញ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា។

កិច្ចប្រជុំ​នេះមានសមាសភាព​ចូលរួម​ពីអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ក្រសួង​មហាផ្ទៃ គណៈកម្មាធិការ​ជាតិសម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ ​រាជធានី-ខេត្តទាំង២៥ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ផ្សេងទៀត៕

你可能还喜欢

评论被关闭。