សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បរិវត្តកម្មឌីជីថលផ្តល់ឱកាសនិងប្រសិទ្ធភាពដល់ការអភិវឌ្ឍលើគ្រប់វិស័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា បរិវត្តកម្មឌីជីថលមិនគ្រាន់តែជាការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់ឱកាសនិងប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យសំខាន់ៗ ដូចជាវិស័យសុខាភិបាល កសិកម្ម និង វិស័យអប់រំជាដើម។ ដែលតាមរយៈបរិវត្តកម្មឌីជីថល អាចតភ្ជាប់គម្លាតនៃការថែទាំសុខភាពរវាងតំបន់ទីក្រុងនិងតំបន់ដាច់ស្រយាល ឬតាមរយៈឧបករណ៍ឌីជីថល អាចឱ្យកសិករចាប់យកវិធីសាស្ត្រអនុវត្តកម្មឆ្លាតវៃ បង្កើនផលិតភាព និង ចូលទីផ្សារដោយផ្ទាល់យ៉ាងឆាប់រហ័ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នាឱកាសធ្វើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ក្នុងបញ្ចកោណទី ៥ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាឆ្នាំ២០៥០។
ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ (FMIS) និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត ដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារនៅក្នុងក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកំណត់យកការផ្លាស់ប្តូររបៀបរបបការងារលើឯកសារក្រដាស ទៅជាការងារលើឯកសារអេឡិចត្រូនិក ព្រមទាំងការផ្លាស់ប្តូរពីការស្នើសុំនិងផ្តល់សេវាសាធារណៈដោយផ្ទាល់ ទៅជាការស្នើសុំនិងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីធានាថាសេវាកម្មត្រូវបានផ្តល់ជូនប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ចំណេញពេលវេលា មានភាពសាមញ្ញ និង ភាពងាយស្រួល ហើយអាចចូលរួមកាត់បន្ថយការិយាធិបតេយ្យនិងអំពើពុករលួយ។
សម្តេចបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង ហើយបាននិងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិនិងប្រជាជនកម្ពុជា រួមមាន៖ ១. ជួយប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនាក់បានលឿននិងតម្លៃទាប។ ២. ចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺតាមរយៈការបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករនិងសេវាបំពេញបន្ថែម ឧទាហរណ៍ សេវាដឹកជញ្ជូននិងសេវាផ្សេងៗ៕
评论被关闭。