សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ

នាព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោកបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធាន​រដ្ឋសភា​ឡាវ នៅវិមាន​រដ្ឋសភា​ឡាវ រដ្ឋធានី​វៀងចន្ទន៍។

លោកបណ្ឌិត សាយសំផន ភុមវិហាន បានមាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​សម្តេចតេជោ ហ៊ុន សែន នាពេលនេះ មានសារៈ​សំខាន់​បំផុត ដែលនាំមក​នូវមេត្រីភាព មិត្តភាព ក្នុងនាម​ប្រទេស​ជាប់ភូមិផង​របង​ជាមួយ និងជា​អ្នកជិតខាង​ល្អ ព្រមទាំង​ពូនជ្រំ​ទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណី និងជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​និងយូរអង្វែង។

សម្តេចតេជោ ហ៊ុន សែន បានសម្តែង​នូវការ​អបអរសាទរ​ចំពោះឡាវ ដែលសម្រេចបាន​ដោយជោគជ័យ​នូវតួនាទី​ជាប្រធាន​មហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) លើកទី៤៥ ជាប្រធាន​អាស៊ាន​ និងជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ACMECS លើកទី១០។

សម្តេចតេជោ​បានវាយ​តម្លៃខ្ពស់​ចំពោះ​ការរីកចម្រើន​នៃទំនាក់​ទំនង​ជាបងប្អូន រវាង​​កម្ពុជា​និងឡាវ តាមស្មារតី “ភាពជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​និងយូរអង្វែង”។ សម្តេច​បានថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា​បានគ្របដណ្តប់​ប្រមាណ ៤៦ ឆ្នាំ​នៃទំនាក់​ទំនង​ល្អរវាង​ប្រទេស​ទាំងពីរ ទំនាក់​ទំនង​នេះមាន​ស្ថិរភាព​បំផុត​នៅក្នុង​ប្រវត្តិសាស្រ្ត​របស់ខ្លួន ចាប់តាំង​ពីពេល​សម្តេច​ជារដ្ឋមន្រ្តី​ការបរទេស នាយករដ្ឋមន្រ្តី និង បច្ចុប្បន្ន​ជាប្រធាន​ព្រឹទ្ធសភា។

សម្តេចតេជោ​បានជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ រួមមាន កិច្ចការ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ថាមពល។ល។ ដោយស្ថាប័ន​នីតិប្បញ្ញត្តិ​ត្រូវចូលរួម​គាំទ្រ​ដល់រដ្ឋាភិបាល។

លោកបណ្ឌិត សាយសំផន ភុមវិហាន បានវាយតម្លៃខ្ពស់​ចំពោះ​ភាពជោគជ័យ​ដ៏ធំធេង​របស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស និងបាន​សម្តែងនូវ​ក្តីរីករាយ​ចំពោះ​ស្នាដៃ​នៃការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលសម្រេចបាន​សមិទ្ធផល​លេចធ្លោនិងរួមចំណែក​លើកកម្ពស់​កិត្យានុភាព និងតួនាទី​ដ៏សំខាន់​របស់​កម្ពុជា​នៅក្នុង​តំបន់​និងអន្តរជាតិ។

លោកបាន​លើកឡើងថា រដ្ឋាភិបាល​ឡាវមាន​គម្រោង​ប្រែក្លាយ​ប្រទេស​ពីប្រទេស​មិនជាប់​សមុទ្រ (Land lock) ទៅជា​ប្រទេស​តភ្ជាប់ (Land Link) តាមរយៈ​ការតភ្ជាប់​ផ្លូវដែក​ជាមួយ​ប្រទេស​ជិតខាង ដើម្បីផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចេញចូល និងទាក់ទាញ​ទេសចរ​មកទស្សនា​ប្រទេស​ឡាវ។

លោកក៏បាន​វាយតម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនង​ឡាវ-កម្ពុជា ដោយលោក​បានគូស​បញ្ជាក់ថា ឡាវ​និងកម្ពុជា​មានភាព​ស្និទ្ធស្នាល​ជាទីបំផុត ដែលបាន​ប្រកៀក​ស្មាគ្នា​ជាមិត្តភាព​បងប្អូន​ និងបន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ជាប្រពៃណីនេះ។ ក្នុងនោះ ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃប្រទេស​ទាំងពីរ បានបន្ត​សហការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ប្រតិភូ​ជាន់ខ្ពស់​និងជំនាញ និងបន្ត​ពូនជ្រំ គាំទ្រ​គ្នាទៅវិញ​ទៅមក​នៅវេទិកា​តំបន់​និងអន្តរជាតិ​ផងដែរ។

លោកសង្ឃឹមថា កិច្ចខិតខំ​ព្យាយាម​ក្នុងការ​បន្ត​អនុវត្ត​អនុស្សរណៈ​នៃការយោគយល់គ្នា (MOU) និងកិច្ចព្រមព្រៀង​នានា ជាពិសេស​លើវិស័យ​ថាមពល​និងសាងសង់​ផ្លូវដែក​តភ្ជាប់​ប្រទេស​ទាំងពីរ នឹងផ្តល់​កាលានុវត្តភាព​ដល់ទំនាក់​ទំនង​និងការជំរុញ​ពាណិជ្ជកម្ម​ឡាវ-កម្ពុជា​​បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត សាយសំផន ភុមវិហាន ក៏បាន​ពិភាក្សា​និងផ្លាស់ប្តូរ​យោបល់​អំពី​បញ្ហា​តំបន់​និងអន្តរជាតិ ដែលជា​អត្ថប្រយោជន៍​រួម និងតម្រូវ​ឱ្យបង្កើន​ការតាមដាន​និងយកចិត្ត​ទុកដាក់​ផងដែរ។

នៅក្នុង​ជំនួប​នេះផងដែរ ក្នុងនាម​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​កម្ពុជា សម្តេចតេជា ហ៊ុន សែន បានអញ្ជើញលោកបណ្ឌិត សាយសំផន ភុមវិហាន បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​នាពេលវេលា​សមស្រប​ណាមួយ​ខាងមុខ៕

你可能还喜欢

评论被关闭。