សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន
នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ នៅការិយាល័យនាយករដ្ឋមន្រ្តី រដ្ឋធានីវៀងចន្ទន៍។
លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូដែលបានមកទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងបានសម្តែងនូវការអរគុណដល់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដែលបានគាំទ្រ ផ្តល់ជំនួយ និង រួមចំណែកដល់ភាពជោគជ័យរបស់ឡាវធ្វើជាប្រធានអាស៊ាន និង ក្នុងការរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ កិច្ចប្រជុំអាស៊ាន និង កិច្ចប្រជុំកំពូល ACMECS លើកទី១០។
សម្តេចតេជោ ហ៊ុន សែន បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចតេជោបានសម្តែងនូវការអបអរសាទរលោកបណ្ឌិត សនសៃ ស៊ីផាន់ដន ចំពោះជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ដែលបានធ្វើឱ្យអាស៊ានមានសាមគ្គីភាពនិងវឌ្ឍនភាព ទោះស្ថិតក្នុងកាលៈទេសៈលំបាក។ សម្តេចបានបន្តថា បើទោះបីជាសម្តេចមិនស្ថិតក្នុងរាជរដ្ឋាភិបាល សម្តេចក៏មានមោទកភាពនិងវាយតម្លៃខ្ពស់ចំពោះមិត្តភាពបងប្អូនល្អនៃប្រទេសទាំងពីរ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង។ ជំនួបជាន់ខ្ពស់ជាញឹកញាប់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករវាងបក្ស សភា និង រដ្ឋាភិបាល បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងល្អរវាងកម្ពុជា-ឡាវ។
សម្តេចតេជោក៏បានលើកជាអនុសាសន៍ថា កម្ពុជា-ឡាវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តំាងពីជំនាន់ចាស់រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យ រួមទាំងផ្នែកសន្តិសុខនិងការពារជាតិ។ សង្ឃឹមថាជំនាន់អ្នកដឹកនាំបន្តវេន នឹងយកគំរូបទពិសោធអ្នកជំនាន់ចាស់ បន្តអភិវឌ្ឍថែមទៀត និងចងភ្ជាប់ចលនាបងប្អូនល្អរបស់ប្រទេសទាំងពីរ ជាការចងភ្ជាប់អតីតកាលទៅនឹងអនាគតកាល ដែលយើងត្រូវខិតខំពូនជ្រំ។ នៅក្នុងវិស័យសន្តិសុខនិងការពារជាតិ កម្ពុជា-ឡាវត្រូវយកចិត្តទុកដាក់និងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និង អស្ថិរភាពដល់ប្រទេសមួយទៀតឡើយ។
សម្តេចតេជោក៏បានជំរុញឱ្យប្រទេសទាំងពីរបន្តពង្រឹងនិងពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ និងការផ្គត់ផ្គង់ថាមពលអគ្គិសនីពីឡាវមកកម្ពុជា និងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។
លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការឡាវ-កម្ពុជា ដែលមានភាពជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមក ទំនាក់ទំនងទ្វេភាគីនឹងនាំមកនូវឧត្តមប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
លោកក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលឡាវ-កម្ពុជា គឺជាអាទិភាពនិងសារៈសំខាន់បំផុត ដោយលោកបានស្នើឱ្យភាគីប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញជារូបរាង។ លោកបានឯកភាពមតិសម្តេចតេជោលើការពង្រីកពាណិជ្ជកម្មថាមពល ព្រមទាំងវិស័យសាធារណការនិងដឹកជញ្ជូន ជាពិសេសការតភ្ជាប់រវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះផងដែរ សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន ក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់និងសកលោក ជាពិសេសភាពមិនប្រាកដប្រជានៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យមានការវាយតម្លៃជាប្រចាំ ដើម្បីកំណត់ជំហរសមស្របនិងជៀសវាងធ្លាក់ក្នុងស្ថានការណ៍ក្លាយខ្លួនជាស្មៅឬស្រមោចសង្អារ ត្រូវបានដំរីជាន់ពេលដំរីជល់គ្នា៕
评论被关闭。