សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា Dhan Bahadur Oli
នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក Dhan Bahadur Oli បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងនេប៉ាល់-កម្ពុជា។ លោកបានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងអាណត្តិការទូតរបស់លោក ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ច និងការសម្របសម្រួលរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរចំពោះលោក Dhan Bahadur Oli ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំកម្ពុជា និងបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ សម្ដេចក៏បានបង្ហាញនូវជំនឿជឿជាក់ចំពោះទំនាក់ទំនងកម្ពុជា-នេប៉ាល់ នឹងកាន់តែរីកចម្រើនថែមទៀតនៅក្នុងអាណត្តិការទូតរបស់លោក Dhan Bahadur Oli។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ យន្តការនេះនឹងជួយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-នេប៉ាល់បន្ថែមទៀតលើវិស័យជាច្រើន ដូចជាវិស័យពាណិជ្ជកម្ម អប់រំ និង វិស័យទេសចរណ៍ជាដើម។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់លោក Dhan Bahadur Oli ឱ្យបន្តធ្វើការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕
评论被关闭。