សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5G

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ដាក់ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​ប្រព័ន្ធ​ឥតខ្សែ​ចល័ត​ជំនាន់​ទី៥ (5G) នៅកម្ពុជា។ នេះបើ​យោងតាម​ការបង្ហើប​ឱ្យដឹង​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅក្នុង​ពិធី​បិទសន្និបាត​បូកសរុប​លទ្ធផល​ការងារ​រយៈពេល ​៥ ឆ្នាំ​​របស់​ក្រសួង​ប្រៃសណីយ​និងទូរគមនាគមន៍ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យ​ក្រសួង​ប្រៃសណីយ​​និងទូរ​គមនាគមន៍ រៀបចំ​ផែនការ​ដាក់ឱ្យ​ដំណើរការ​សេវា​ទូរសព្ទ​ 5G ដើម្បី​ឱ្យរាជរដ្ឋាភិបាល​កំណត់ពេល​សមរម្យ​មួយ ក្នុងការ​​ដាក់​ឱ្យ​ដំណើរការ​សេវា​នេះ នៅក្នុង​ការអភិវឌ្ឍ​អាទិភាព​នៃវិស័យ​ទូរគមនាគមន៍​នៅកម្ពុជា។ សម្តេច​ចាត់ទុក​សេវា​ទូរសព្ទ​និងអ៊ីនធឺណិត គឺជា​សេវា​ចាំបាច់​ដូចសេវា​ផ្គត់ផ្គង់​ទឹកនិង​អគ្គិសនីដែរ និងបាន​ស្នើឱ្យអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សហការ​គ្នាយ៉ាងជិតស្និទ្ធ ក្នុងការ​សម្រួល​និងពន្លឿន​នីតិវិធី​កិច្ចការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ទ​តភ្ជាប់​ឌីជីថល។

កន្លងមក​មានការ​លើកឡើងថា ​អង់តែន​ទូរសព្ទ​ចល័ត​ធ្វើឱ្យ​មានបញ្ហា​សុខភាព​ដល់អ្នកនៅជុំវិញ ជាហេតុ​ធ្វើឱ្យ​ប៉ះពាល់​ដល់ដំណើរការ​​ដំឡើង​អង់តែន​។ សម្តេចធិបតី​បានបញ្ជាក់ប្រាប់​ពលរដ្ឋកុំឱ្យ​មានការ​បារម្ភ ដ្បិតតាមការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បង្ហាញថា មកទល់​ពេលនេះ​ ពុំមាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយដែលបង្ហាញថា ស្ថានីយ៍​​អង់តែន​ទូរសព្ទ​ចល័ត​មានផល​ប៉ះពាល់​ដល់សុខភាព​ប្រជាពលរដ្ឋ​នោះទេ។ ម្យ៉ាងទៀត បើសិនជា​មានការ​ប៉ះពាល់​ដល់សុខភាព​ពិតមែន ប្រទេស​ទាំងអស់​ដែលជា​ប្រទេស​អភិវឌ្ឍ នឹងមិន​ប្រើប្រាស់​ទូរសព្ទ​ចល័ត​ទៀតឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញ​ឱ្យក្រសួង​ប្រៃសណីយ​និងទូរគមនាគមន៍ រៀបចំ​អង់តែន​ទូរសព្ទ​ចល័ត​ដោយមាន​ផែនការមេ​នៅក្នុងការ​កំណត់​ទីតាំង​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការរៀបចំ​ដំឡើង​ខុស ដែលនាំដល់​ការខាតបង់​ទាំងពេលវេលា​និងថវិកា៕

你可能还喜欢

评论被关闭。