លោកអ្នកឧកញ៉ា ពុង ឃាវសែ បង្ហាញអារម្មណ៍រំភើប និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍សាទរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា បានបង្ហាញ​នូវអារម្មណ៍​រំភើប​រីករាយ​និងបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ភាពជោគជ័យ​នៃព្រឹត្តិការណ៍​សាទរ​ឆ្មាំថ្មី​ប្រពៃណី​ចិន​​ឆ្នាំ២០២៥ ដែលរៀបចំ​ឡើងដោយ​ក្រុមយុវជន​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅរាជធានី​ភ្នំពេញ។

ការលើកឡើង​របស់​លោកអ្នកឧកញ៉ា ពុង ឃាវសែ បន្ទាប់ពី​លោកបានឃើញ​សារព័ត៌មាន ជានហ្វា ចុះផ្សាយ​ «លិខិតថ្លែងអំណរគុណ» របស់​ក្រុមយុវជន​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា ជូនចំពោះ​សប្បុរសជន​ទាំងអស់​ដែលបាន​ជួយឧបត្ថម្ភ​ និងគាំទ្រ​ដល់​កម្មវិធី​សាទរ​ឆ្នាំថ្មី​ប្រពៃណីចិន និងពិព័រណ៍​ផលិតផល​កម្ពុជា-ចិន​នាពេលកន្លងមក។ លោកបាន​ថ្លែងថា នៅពេល​ឃើញលិខិត​ថ្លែងអំណរគុណនេះ ធ្វើឱ្យលោក​ហាក់មានអារម្មណ៍ថាទិដ្ឋភាព​ដ៏រីករាយ​នៃបុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន បាននិង​កំពុងតែ​លេចឡើងសាជាថ្មី​ម្តងទៀត។

លោកបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមយុវជន ដោយចាត់ទុក​ក្រុមយុវជន​មិនត្រឹមតែ​ជាបណ្តុំ​នៃ​ធនធាន​ខ្សែស្រឡាយ​ចិន​ប៉ុណ្ណោះទេ ថែមទាំង​បានចូលរួម​​កិច្ចការ​សង្គម​ប្រកបដោយ​បុរេសកម្ម​ទៀតផង អ្នកខ្លះ​ជួយជា​ថវិកា អ្នកខ្លះជួយជា​កម្លាំង អ្នកខ្លះ​ជួយជា​សម្ភារៈ ធ្វើឱ្យ​កម្មវិធី​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន និងពិព័រណ៍​ផលិតផល​កម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ (១៧-១៩ មករា ២០២៥) បានបញ្ចប់ដោយស្ថាពរ​ជាមួយ​លទ្ធផល​គួរជាទី​មោទកៈ ដែលកម្មវិធី​នេះបាន​បង្ហាញ​ពីសមាហរណកម្ម​នៃវប្បធម៌​ចិន​និងកម្ពុជា ថែមទាំង​ទទួលបាន​ការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពីគ្រប់មជ្ឈដ្ឋាន។

លោកបន្ថែមថា ការបំពេញ​ភារកិច្ច​ប្រកបដោយសាមគ្គីភាព​ជាធ្លុងមួយ និងឧស្សាហ៍​ព្យាយាម​របស់​សមាជិក​គ្រប់រូប​នៃក្រុមយុវជន ទទួលបាន​ការកោតសរសើរ​និងគាំទ្រ​ពីគ្រប់​មជ្ឈដ្ឋាន ហើយអ្វី​ដែលធ្វើឱ្យ​យើង​រីករាយនោះ គឺយើងបាន​មើលឃើញ​នូវក្តីសង្ឃឹម​នៃអ្នកបន្តវេន ដែលការណ៍​នេះធ្វើឱ្យ​យើងមានការ​ជឿជាក់​យ៉ាងមុតមាំថា កិច្ចការសង្គម​របស់​ប្រជាជន​ខ្សែស្រឡាយ​ចិន​នឹងបន្ត​អភិវឌ្ឍជានិច្ចនិរន្តរ៍។

លោកបាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ យុវជន​ខ្សែស្រឡាយចិន​សុទ្ធតែ​ជាអ្នក​ជំនាន់​ទី៣ ទី៤ និង ទី៥ អ្នកខ្លះ​អាចនិយាយ​ភាសាចិន​បានយ៉ាងល្អ​និងស្ទាត់ជំនាញ អ្នកខ្លះអាចនិយាយ​បានតិចតួច ប៉ុន្តែ​គ្រប់គ្នា​មានគោលបំណងនិងចក្ខុវិស័យ​រួមមួយ គឺបន្ត​អភិរក្ស​និងអភិវឌ្ឍ​វប្បធម៌​ប្រពៃណី​ដ៏ផូរផង់របស់​ដូនតា ដូច្នេះហើយទើបគ្រប់គ្នា​​រួមគ្នា​ជាធ្លុងមួយ ចូលរួម​កិច្ច​ការ​សង្គមខ្សែស្រឡាយចិន។

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍​បន្ថែមថា យើងក៏​មានចិត្ត​សោមនស្ស​រីករាយ​ដែលបានឃើញបណ្តាសមាគមចិននិង​សមាគម​​ត្រកូលចិន​ នាំគ្នា​បង្កើត​ “អង្គការ​យុវជន” ដោយទទួលបាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពីសំណាក់​យុវជនខ្សែស្រឡាយចិន ដែលជា​ការបញ្ជាក់​ឱ្យឃើញ​ពីការ​ទទួលស្គាល់​ដើមកំណើត​របស់​ពួកគេ។ ដូច្នេះ ការណ៍ដែល​យុវជន​ខ្សែស្រឡាយចិន​ជំនាន់​ទី៣ ទី៤ និង ទី៥ ទទួលស្គាល់​ពីវប្បធម៌​ប្រពៃណី​ចិន សបញ្ជាក់ឱ្យឃើញថា អ្វីដែល​យើងបានខិតខំ​ប្រឹងប្រែង​ជាច្រើនឆ្នាំ​មកនេះ មិនឥត​ប្រយោជន៍​នោះទេ។

ទន្ទឹមនឹងនេះ លោកសង្ឃឹមថា គ្រប់ខេត្ត-ក្រុង​ទូទាំង​ប្រទេស ជាពិសេស​តំបន់​ទីប្រជុំជនដែល​សម្បូរដោយ​ប្រជាជន​ខ្សែស្រឡាយចិន អាចបង្កើត “ក្រុមយុវជន” ឬ “ក្រុមអតីត​សិស្ស​សាលា” ដែលអាច​ប្រមូល​ផ្តុំកម្លាំង​យុវជនខ្សែស្រឡាយចិន ដើម្បី​ឱ្យមានការ​ផ្សព្វផ្សាយ​និងបន្តវេន​លើកិច្ចការ​សង្គម​របស់​ប្រជាជន​ខ្សែស្រឡាយចិននៅគ្រប់​ទីកន្លែង។

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់​​បន្ថែមថា សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា នឹងបន្តយកចិត្តទុកដាក់​និងគាំទ្រ​ការបង្កើត​ក្រុមយុវជន​នៅគ្រប់ទី​កន្លែង ព្រមទាំង​ចាត់បញ្ជូនក្រុមយុវជន​នៃសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា ចុះទៅ​បំពេញ​ទស្សនកិច្ច​និងសួរសុខទុក្ខ​នៅតាម​តំបន់​នានា ដើម្បី​ជំរុញ​សាមគ្គីភាព​និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​សង្គម​ខ្សែស្រឡាយ​ចិន។

ឆ្លៀតក្នុងឱកាស​ខួបទី ៣៥ ឆ្នាំ​នៃការ​បង្កើត​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា​ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ តាងនាម​ឱ្យសមាគម​និងសមាជិក​ទាំងអស់​នៃសមាគមសម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា បានបង្ហាញនូវ​ក្តីរំភើប​ឥតឧបមាចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែលក្រុមយុវជន​សម្រេចបាន ហើយលោក​សង្ឃឹមថា តាមរយៈ​សមិទ្ធផល​ដ៏ថ្លៃថ្លា​នេះ នឹងជួយ​ជំរុញ​និងលើកទឹកចិត្ត​ដល់​ក្រុមយុវជន ឱ្យអភិវឌ្ឍ​ខ្លួន​កាន់តែ​ប្រសើរឡើង​ថែមទៀតនាពេល​អនាគត។

តាមរយៈ «លិខិតថ្លែងអំណរគុណ» របស់​ក្រុមយុវជន​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា ដែលបានចុះផ្សាយ​នៅលើ​សារព័ត៌មាន ជានហ្វា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សម្រាប់​ព្រឹត្តិការណ៍​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន និងពិព័រណ៍​ផលិតផល​កម្ពុជា-ចិន ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មានសប្បុរសជនមកពី​គ្រប់មជ្ឈដ្ឋានបានធ្វើការ​ឧបត្ថម្ភ​​ជាថវិកា ឧបករណ៍ សម្ភារៈ  និង វត្ថុអនុស្សាវរីយ៍​ជាដើម។ ទន្ទឹមនឹងនេះ ក៏មាន​បណ្តា​សមាគម ក្រុមហ៊ុន សហគ្រាស​ជាច្រើន​ ក៏បានធ្វើការ​អបអរ​តាមរយៈ​ការចុះផ្សាយ​លើទំព័រ​សារព័ត៌មាន ជានហ្វា ផងដែរ។

យោងតាម​ស្មារតី​នៃកិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ប្រធាន​សមាគម​លោកអ្នកឧកញ៉ា ពុង ឃាវសែ សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា​គ្រោងកំណត់​ពេលវេលា​ជាក់លាក់​មួយ ដើម្បី​ប្រារព្ធ​កម្មវិធី​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​ជារៀងរាល់ឆ្នាំ ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​ថែមទៀតនូវសមាហរណកម្ម​វប្បធម៌​ប្រពៃណី​កម្ពុជា-ចិន និងធ្វើឱ្យ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន​និងប្រជាជន​នៃប្រទេស​ទាំងពីរ ឱ្យកាន់តែរឹងមាំ​និងស្អិតល្មួត​បន្ថែមទៀត៕

你可能还喜欢

评论被关闭。