សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីននៅថ្ងៃស្អែក

តបតាម​ការអញ្ជើញ​របស់​លោក Ferdinand R. Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នឹងដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅហ្វីលីពីន រយៈពេល ២ ថ្ងៃ (១០-១១ កុម្ភៈ ២០២៥)។ នេះ​ជាដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកទីមួយ​របស់​សម្តេចធិបតី​សម្រាប់​ឆ្នាំ២០២៥នេះ។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅហ្វីលីពីន សម្តេចធិបតី​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ លោក Ferdinand R. Marcos Jr. ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង អន្តរជាតិ។ បន្ទាប់មក ថ្នាក់ដឹកនាំ​ទាំងពីរ​នឹងចូលរួម​ជាអធិបតី​ក្នុងពិធី​ផ្លាស់ប្តូរ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ដែលបាន​ចុះហត្ថលេខា​មួយចំនួន។

ក្នុងឱកាស​នៃទស្សនកិច្ច​នេះផងដែរ សម្តេចធិបតី​នឹងជួប​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ លោក Francis “Chiz” G. Escudero ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន និងលោក Ferdinand Martin Gomez Romualdez ប្រធាន​រដ្ឋសភា​ហ្វីលីពីន។ សម្តេចធិបតី​ក៏នឹង​អញ្ជើញ​ផ្តល់កិត្តិយស​ថ្លែងសុន្ទរកថា​បើក ក្នុងវេទិកា​ធុរកិច្ច​កម្ពុជា-ហ្វីលីពីន ព្រមទាំង​ជួបជាមួយ​បណ្តា​ក្រុមហ៊ុន​ហ្វីលីពីន​ផងដែរ។

ក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេចធិបតីលើកនេះ នឹងផ្តល់​សន្ទុះថ្មី​ក្នុងការពង្រឹង​និងពង្រីក​បន្ថែមទៀត​នូវទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​ដែលមាន​ស្រាប់​រវាង​កម្ពុជា-ហ្វីលីពីន។

កម្ពុជា​និងហ្វីលីពីន​បានភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ជាផ្លូវការ​នៅឆ្នាំ១៩៥៧ ឆ្នាំ២០២៥​នេះ ជាខួបទី ៦៨ ឆ្នាំ​នៃទំនាក់​ទំនង​ការទូត​ប្រទេស​ទាំងពីរ។

ក្នុងក្របខណ្ឌ​អាស៊ាន បន្ទាប់ពី​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលកាន់​តំណែង​ជានាយករដ្ឋមន្ត្រី​ជាផ្លូវការ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេច​បានទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេស​វៀតណាម ថៃ ឡាវ ម៉ាឡេស៊ី និង ប្រទេស​សិង្ហបុរី៕

你可能还喜欢

评论被关闭。