ក្រសួងការបរទេសចិន៖ ចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយ ប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា
ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងមិត្តភាពចិន-កម្ពុជាមិនអាចបំបែកដោយនរណាម្នាក់ឡើយ ចិនក៏មិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយបានឡើយ ហើយអ្នកដែលនិយាយ ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាម នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ការលើកឡើងរបស់ក្រសួងការបរទេសចិន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន Global Times ដែលបានសួរថា៖ ថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមចិន We-Media មួយចំនួនតូចបានផ្សព្វផ្សាយនូវការបញ្ចេញមតិ ដែលមិនឆ្លុះបញ្ចាំងពីការពិតមួយចំនួន ដែលថារវាងចិន និងសហរដ្ឋអាម៉េរិក មេដឹកនាំកម្ពុជាបានជ្រើសរើសយកអាម៉េរិក កិច្ចសហប្រតិបត្តិការលើគម្រោងធំៗរវាងចិន-កម្ពុជាបានជាប់គាំងជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជាឃុន (Guo Jiakun) បានថ្លែងថា ការលើកឡើងដោយបង្កប់នូវការសង្ស័យចំពោះមិត្តភាពចិន-កម្ពុជា គឺជាការប្រមាថដោយគ្មានមូលដ្ឋានសុទ្ធសាធ និងដោយចេតនា។ ប្រទេសចិននឹងមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយ ប៉ះពាល់ដល់មិត្តភាពចិន-កម្ពុជានោះទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
លោក គួ ជាឃុន បញ្ជាក់ថា៖ យើងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងចិន និងកម្ពុជា នឹងមិនទទួលរងនូវការរំខានណាមួយឡើយ។ យើងនឹងមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប្រឆាំងនឹងមិត្តភាពរបស់យើងឡើយ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយ នឹងត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់។
លោកបានថ្លែងទៀតថា ចិននិងកម្ពុជាគឺជាមិត្តនិងដៃគូដ៏គួរឱ្យទុកចិត្តបំផុត ដែលជានិច្ចកាលតែងតែគាំទ្រគ្នាទៅវិញទៅមក និងចែករំលែកភាពសុខដុមរមនា ដែលបម្រើផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឱ្យមានភាពរស់រវើកនិងពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ ហើយមិនអាចចុះខ្សោយ ឬត្រូវបានបំផ្លាញដោយកម្លាំងណាមួយឡើយ។
លោក គួរ ជាឃុន បានគូសបញ្ជាក់បន្ថែមថា ចិន-កម្ពុជាបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នានាខែកក្កដា ឆ្នាំ១៩៥៨ និងបានបន្តទំនាក់ទំនងនេះកាន់តែស្អិតល្មួត និងឈានដល់ភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានបង្កើនដល់កម្រិតកិច្ចសហប្រតិបត្តិការត្បូងពេជ្រនៅឆ្នាំ២០២៤ ក្នុងឱកាសខួបទី ៦៦ ឆ្នាំនៃទំនាក់ទំនងការទូត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍរួមក្នុងតំបន់៕
评论被关闭。