គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារបាន ១៩%
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារបាន ១៩ % ហើយ ក្រុមការងារសាងសង់បាននិងកំពុងតែដុតដៃដុតជើងក្នុងការពន្លឿនការសាងសង់នេះ ដើម្បីឱ្យសម្រេចបានមុនឬតាមផែនការដែលបានកំណត់។
បច្ចុប្បន្ននេះ ការងារសម្រេចបាន៖ ១. ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ ដើម ចាក់បេតុងរួចចំនួន ៦៩ ដើម ២០ ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន ១២ សម្រេចបាន ៨ ធ្នឹម។ ២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៣១.៥% រួមមាន តួសសរស្ពាន ១២ សម្រេចបានចំនួន ៦ សសរស្ពាន ៥២ សម្រេចបាន ១៦ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន ៣៤ សម្រេចបាន ១០ ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា នៅដើមឆ្នាំ២០២៥ នេះ កំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះនៅត្រើយខាងលិចទន្លេ។ រយៈពេលសាងសង់ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់ ៤២ ខែ ដោយមិនមានការយឺតយ៉ាវជាងគម្រោងការងារដែលគ្រោងទុកឡើយ។
ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គម្រោងស្ថាបនាស្ពាននេះមានតម្លៃប្រមាណ ៦០ លានដុល្លារអាម៉េរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ ខែ ដោយប្រើឥណទានសម្បទានរបស់ចិន។ ស្ពាននេះមានប្រវែងសរុប ១ ៦៥០ ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ ទទឹងផ្លូវ ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងផ្លូវ ២៧ ម៉ែត្រ) មាន ៤ គន្លងរថយន្ត ២ គន្លងម៉ូតូ និង ២ គន្លងថ្មើរជើង។ គម្រោងស្ពាននេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
评论被关闭。