សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន

តបតាម​ការអញ្ជើញ​របស់​លោក Ferdinand R. Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅហ្វីលីពីន រយៈពេល ២ ថ្ងៃ គឺថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅហ្វីលីពីន សម្តេចធិបតី​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ លោក Ferdinand R. Marcos Jr. ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង អន្តរជាតិ។ បន្ទាប់មក ថ្នាក់ដឹកនាំ​ទាំងពីរ​នឹងចូលរួម​ជាអធិបតី​ក្នុងពិធី​ផ្លាស់ប្តូរ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ដែលបាន​ចុះហត្ថលេខា​មួយចំនួន។ សម្តេចធិបតី​ក៏នឹងជួប​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ លោក Francis “Chiz” G. Escudero ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន និងលោក Ferdinand Martin Gomez Romualdez ប្រធាន​រដ្ឋសភា​ហ្វីលីពីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ​ក៏នឹង​អញ្ជើញ​ផ្តល់កិត្តិយស​ថ្លែងសុន្ទរកថា​បើក ក្នុងវេទិកា​ធុរកិច្ច​កម្ពុជា-ហ្វីលីពីន ព្រមទាំង​ជួបជាមួយ​បណ្តា​ក្រុមហ៊ុន​ហ្វីលីពីន​ផងដែរ៕

你可能还喜欢

评论被关闭。