ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា

នាល្ងាច​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group នៅក្នុង​ឱកាស​នៃដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅទីក្រុង​ម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ក្នុងឱកាស​នៃជំនួប លោក Raymond Patrick V. Guico បានជម្រាបជូន​សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពី​ការស្វែងរក​កិច្ចសហការ​ជាមួយ​ដៃគូ​នៅកម្ពុជា។ ជាក់ស្ដែង​ ការចុះ​អនុស្សរណៈ​នៃការ​យោគយល់គ្នា​រវាង​ក្រុមហ៊ុន​ជាមួយ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប​ ដែលការណ៍នេះ​បង្ហាញ​យ៉ាងច្បាស់​អំពី​បំណង​និងចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ និងការពង្រីក​អាជីវកម្ម​នៅក្នុង​វិស័យ​អប់រំ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ពិសេស​ក្នុងវិស័យ​សុខាភិបាល។

លោកក៏បាន​បង្ហាញ​អំពី​ចក្ខុវិស័យ​នៃការអភិវឌ្ឍ​វិស័យ​អប់រំ​ផ្នែកសុខាភិបាល​នៅកម្រិត​ឧត្តមសិក្សា​ឱ្យមាន​ភាពរីកចម្រើន និងឈានមុខគេ​នៅក្នុង​តំបន់​អាស៊ី​នាពេល​អនាគត។ ក្នុងន័យនេះ ការចាប់​ដៃគូ​ជាមួយ​នឹងវិនិយោគិន​កម្ពុជា​ គឺជា​កិច្ចការ​ស្នូលដែល​នាំឱ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ។ លោកជឿជាក់ថា​ តាមរយ:​ការគាំទ្រ​របស់​សម្ដេចធិបតី​និងភាពជា​ដៃគូល្អ ក្រុមហ៊ុន​នឹងទទួលបាន​ជោគជ័យ​នៅកម្ពុជា។

ក្រុមហ៊ុន World Citi Group បានបង្កើត​ឡើងក្នុងឆ្នាំ១៩៧១ ដែលធ្វើ​អាជីវកម្ម​លើវិស័យ​ជាច្រើន ដូចជា​អាកាសចរណ៍ អប់រំ ថែទាំ​សុខភាព អចលនទ្រព្យ ចំណីអាហារ និង បច្ចេកវិទ្យា​ជាដើម។

ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់​ចំពោះ​ចំណាប់​អារម្មណ៍​វិនិយោគ​របស់​ក្រុមហ៊ុន​នៅកម្ពុជា ពិសេស​ក្នុងវិស័យ​អប់រំ​ផ្នែកសុខាភិបាល និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នានា។ សម្ដេច​បានគូសបញ្ជាក់​អំពី​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើវិស័យ​សុខាភិបាល ស្របពេល​ដែលកម្ពុជា​នឹងមាន​តម្រូវការ​ខ្ពស់ចំពោះ​អ្នកជំនាញ​ការផ្នែកសុខាភិបាល ជាពិសេស​គិលានុបដ្ឋាយិកា​សម្រាប់​បម្រើ​និងផ្ដល់សេវា​សុខាភិបាល​ជូនដល់​ប្រជាពលរដ្ឋ រួមទាំង​ជនចាស់ជរា។ ដោយសារ​វិស័យ​សុខាភិបាល​ស្ថិតនៅក្នុង​មុខវិជ្ជា​វិទ្យាសាស្ត្រពិត សម្ដេច​បានសង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃការកំណត់​គុណភាព​និងស្តង់ដា​អប់រំ​ក្នុងវិស័យនេះ និងបាន​លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​បន្ត​ទំនាក់​ទំនង និងសហការ​ជាមួយ​នឹងដៃគូ​ក្នុងស្រុក ក៏ដូចជា​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​សុខាភិបាល ដែលមាន​សមត្ថកិច្ច​ក្នុងការ​កំណត់​គុណភាព​និងស្ដង់ដា​ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុងវិស័យ​សុខាភិបាល៕

你可能还喜欢

评论被关闭。