សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍ បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

នាល្ងាច​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Ramon S. Ang ប្រធាន និងជា​នាយកប្រតិបត្តិ​នៃសាជីវកម្ម San Miguel នៅក្នុង​ឱកាស​នៃដំណើរ​ទស្សនកិច្ចផ្លូវការ​នៅទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្នុងឱកាស​នៃជំនួប លោក Ramon S. Ang បានលើកឡើងថា សាជីវកម្ម ​San Miguel​ ជាក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត អាហារ​និងភេសជ្ជៈ​ ថាមពល​និងចម្រាញ់ប្រេង​។​ San Miguel បានសាងសង់​និងគ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ Ninoy Aquino របស់​ហ្វីលីពីន។​​ ជាមួយគ្នានេះ ក្រុមហ៊ុន​ចាប់អារម្មណ៍​លើការ​បណ្ដាក់ទុន​វិនិយោគ​លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​នៅកម្ពុជា តាមរយៈ​ការពង្រីក​កិច្ចសហការ​ឱ្យកាន់តែ​ច្រើនជាមួយ​ក្រុមហ៊ុន​នៅកម្ពុជា ព្រោះ​កម្ពុជា​ជាប្រទេស​មានគុណសម្បត្តិ​ប្រកួត​ប្រជែង​ខ្ពស់ និងជា​ប្រទេស​ដែលមាន​ដីមានជីជាតិ​ល្អ កម្លាំង​ពលកម្ម​មានជំនាញ ភូមិសាស្ត្រ​អំណោយផល ដែលអាច​ឱ្យកម្ពុជា​តភ្ជាប់​ខ្លួនទៅកាន់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​និងសកលលោក​បានយ៉ាងល្អ។

San Miguel បានបង្កើត​ឡើងក្នុង​ឆ្នាំ១៩៩០ គឺជា​ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍​ធំបំផុត​មួយនៅក្នុង​ប្រទេស​ហ្វីលីពីន ដោយធ្វើ​អាជីវកម្ម​លើវិស័យ​ចំណី​អាហារ​និងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រ​ចម្រាញ់​ប្រេង វិស័យ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង អចលនទ្រព្យ​ជាដើម។

ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជា ហើយសម្ដេច​បានគូសបញ្ជាក់​ពីសក្ដានុពល​និងឱកាស​នៃការ​វិនិយោគ លើគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ដូចជា​ផ្លូវល្បឿនលឿន​ដែលតភ្ជាប់​នៅក្នុង​កម្ពុជា​និងបណ្ដា​ប្រទេស​ក្នុងតំបន់។ ជាមួយគ្នានេះ សម្ដេច​ក៏បាន​លើកឡើង​អំពី​វិស័យ​គន្លឹះ​និងយុទ្ធសាស្ត្រ​របស់​កម្ពុជា ដែលជា​កាលានុវត្តភាព​សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់​ថា វិស័យ​កសិកម្ម​ដែលជា​វិស័យ​យុទ្ធសាស្ត្រ​របស់​កម្ពុជា គឺជា​វិស័យ​ដែលក្រុមហ៊ុន​គួរយកចិត្ត​ទុកដាក់​និងពិនិត្យមើល​ឱកាស​វិនិយោគ​ក្នុងដំណាក់កាល​ណាមួយ​ នៅក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់​និងភ្ជាប់ទៅកាន់​តំបន់​និងពិភពកលោក។ សម្ដេច​បានបន្ថែម​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជានឹង​គាំទ្រ បង្កលក្ខណៈ​ងាយស្រួល ក៏ដូចជា​បង្កើត​បរិយាកាស​អំណោយផល និងកិច្ចសម្របសម្រួល​នានា សំដៅ​ជំរុញ​ការវិនិយោគ​និងភាពជោគជ័យ​របស់​ក្រុមហ៊ុន​នៅកម្ពុជា៕

你可能还喜欢

评论被关闭。