ធនាគារជាតិកម្ពុជាដាស់តឿនពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យមន្ត្រី បុគ្គលិក និង ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលបង់ប្រាក់ឬទូទាត់ប្រាក់ ត្រូវពិនិត្យមើលឈ្មោះគណនី និងចំនួនទឹកប្រាក់ឱ្យបានច្បាស់លាស់ ព្រមទាំងរក្សាលេខសម្ងាត់ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងនូវហានិភ័យណាមួយ ដូចជាការបន្លំឃ្យូអរកូត (QR Code) និងការលួចអត្តសញ្ញាណបន្លំធ្វើជាជនរងគ្រោះ ដើម្បីលួចយកប្រាក់ក្នុងគណនីឬព័ត៌មានសំខាន់ៗរបស់អ្នក។
លោកស្រី ជា សិរី បានថ្លែងបែបនេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រីបានមានប្រសាសន៍ថា បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅគ្រប់វិស័យ។ ប៉ុន្តែ ការប្រើប្រាស់សេវាទំនើប ក៏អាចនាំមកនូវហានិភ័យមួយចំនួន ដូចជាការបន្លំឃ្យូអរកូត និងការលួចអត្តសញ្ញាណបន្លំធ្វើជាជនរងគ្រោះ ដើម្បីលួចយកប្រាក់ក្នុងគណនីឬព័ត៌មានសំខាន់ៗរបស់បុគ្គលណាមួយ។ ម្យ៉ាងវិញទៀត ជនឆបោកតាមប្រព័ន្ធអនឡាញក៏មានចំណេះនិងជំនាញផ្នែកបច្ចេកវិទ្យាយ៉ាងស្ទាត់ជំនាញផងដែរ ដែលអាចបង្កើតនូវឧបាយកលឆបោកប្លែកៗបែបបច្ចេកវិទ្យាទំនើប ធ្វើឱ្យជនរងគ្រោះពិបាកក្នុងការបង្ការឬគេចផុតពីការឆបោកនេះ។ ដូច្នេះ មន្រ្តី បុគ្គលិក និង ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបង់ប្រាក់ឬទូទាត់អ្វីមួយ គប្បីពិនិត្យមើលឈ្មោះគណនីនិងចំនួនទឹកប្រាក់ឱ្យបានច្បាស់លាស់ ព្រមទាំងរក្សាលេខសម្ងាត់ឱ្យបានត្រឹមត្រូវ មិនត្រូវឱ្យអ្នកណាម្នាក់ដឹងឡើយ ដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនឱ្យបានគង់វង្ស។
លោកស្រី ជា សិរី ក៏បានលើកឡើងពីវឌ្ឍនភាពរបស់ធនាគារជាតិនៃកម្ពុជាថា ស្របតាមនវានុវត្តន៍បច្ចេកវិទ្យានិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយនិងតម្លៃធំ ត្រូវបានធ្វើទំនើបកម្មជាលំដាប់ ហើយត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ក្នុងការផ្តល់ភាពងាយស្រួល ឆាប់រហ័ស និង សុវត្ថិភាព ព្រមទាំងបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនិងបរិយាបន្នហិរញ្ញវត្ថុ។ ក្នុងនោះ ប្រព័ន្ធបាគងត្រូវបានតភ្ជាប់ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិនានា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង់ប្រាក់តាមឃ្យូអរកូត រួមមាននៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រើប្រាស់ជាមួយក្រុមហ៊ុនយូញៀនផេ (UnionPay) អាលីផេ (Alipay) និងបានសហការជាមួយក្រុមហ៊ុនបណ្តាញបណ្ណទូទាត់អន្តរជាតិ Mastercard និង Visa។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល៕
评论被关闭。