សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាហ្វីលីពីន Francis G. Escudero

នារសៀល​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយលោក Francis G. Escudero ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន នៅក្នុង​ឱកាស​នៃដំណើរ​ទស្សនកិច្ច​​ផ្លូវ​ការ​​នៅទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្នុងឱកាស​នៃជំនួប លោក Francis G. Escudero បានវាយ​តម្លៃខ្ពស់​​អំពី​លទ្ធផល​​ប្រកបដោយ​ផ្លែផ្កា​​នៃ​កិច្ច​សហប្រតិបត្តិការ និងទំនាក់​ទំនង​​ដ៏ល្អប្រសើរ​​រវាង​ហ្វីលីពីន-កម្ពុជា។ លោកសង្ឃឹម​យ៉ាងមុតមាំ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នេះ ទំនាក់​ទំនង​​មិត្តភាព ​និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ នឹងកាន់តែ​មានភាព​សកម្ម ​និងរីកចម្រើន​បន្ថែមទៀត។​ លើសពីនេះ ការអនុវត្ត​​អនុស្សរណៈ​នៃការយោគយល់គ្នា​ និងកិច្ចព្រមព្រៀង​ទាំង ៨ ដែលត្រូវបាន​ចុះហត្ថលេខា​ដោយទ្វេភាគី ហ្វីលីពីន-កម្ពុជា​ នឹងសម្រេច​​បាន​នូវ​​លទ្ធផល​ល្អ​ប្រសើរ​ សម្រាប់​​ជា​ឧត្តមប្រយោជន៍​ដល់ប្រជាជាតិ​នៃប្រទេស​ទាំងពីរ។

ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ​នូវសេចក្ដី​សោមនស្ស​រីករាយ ចំពោះ​ផ្លែផ្កា​នៃកិច្ចប្រជុំ​ទ្វេភាគី​ រវាង​សម្ដេចនិងលោកប្រធានាធិបតី​ហ្វីលីពីន Ferdinand R. Marcos Jr.។ សម្ដេ​ចបានវាយ​តម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏ល្អ ​​និងយូរលង់​រវាង​កម្ពុជា ​និងហ្វីលីពីន និងមាន​ជំនឿ​យ៉ាងមុតមាំ​ថា កិច្ចសហប្រតិបត្តិការ​​​ទ្វេភាគី​ នឹងបន្ត​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ។

សម្តេចធិបតី​បានគូស​បញ្ជាក់ថា បន្ថែម​លើផ្នែក​នយោបាយ​​និងការទូត ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ នៅមាន​លំហ​ច្រើនដែលជា​កាលានុវត្តភាព​ប្រកបដោយ​សក្កានុពល ដើម្បី​ជំរុញ​ល្បឿន​នៃកិច្ចសហប្រតិបត្តិការ​កម្ពុជា-ហ្វីលីពីន។ ក្នុងន័យនេះ កម្ពុជា​អាចក្លាយជា​ដៃគូ​ប្រកបដោយ​សក្កានុពល​ក្នុងការ​ចូលរួម​ធានា​សន្តិសុខ​ស្បៀង​នៃប្រទេស​ហ្វីលីពីន ជាពិសេស​​តាមរយៈ​អតិរេក​ស្រូវអង្ករ​ដែលកម្ពុជា​មាន ជាមួយ​នឹងគុណភាព​ខ្ពស់និង​តម្លៃ​ប្រកួត​ប្រជែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Francis G. Escudero ក៏បាន​ពិភាក្សា​ផងដែរ​អំពី​ការជំរុញ​ទំនាក់​ទំនង​រវាង​ប្រជាជន ​និងប្រជាជន និងការ​តភ្ជាប់​ជើងហោះហើរត្រង់​រវាង​កម្ពុជា​ និងហ្វីលីពីន បន្ថែម​លើជើងហោះ​ហើរ​​ដែល​មានស្រាប់ ជាពិសេស​​ម៉ានីល-សៀមរាប-​ម៉ានីល និង​សេប៊ូ-សៀមរាប-​សេប៊ូ ដើម្បី​បង្កើត​​ជាសហថាមពល​​ក្នុងការ​លើក​កម្ពស់​​វិស័យ​ទេសចរណ៍​ តាមរយៈ​​ការទាក់ទាញ​ភ្ញៀវទេសចរ​​នានា​ពីក្រៅ​តំបន់​ ឱ្យមក​ធ្វើទេសចរណ៍​​នៅក្នុង​ប្រទេស​ទាំងពីរ​និងតំបន់​អាស៊ាន។

មុននឹងបញ្ចប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​អញ្ជើញ​លោក Francis G. Escudero និងសមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​កម្ពុជា​ក្នុងពេល​វេលា​សមស្រប​ណាមួយ​ កម្ពុជា​នឹងរង់ចាំ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ព្រឹទ្ធសភា​ហ្វីលីពីន​យ៉ាងកក់ក្តៅ​ជានិច្ច៕

你可能还喜欢

评论被关闭。