ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា
ប្រធានរដ្ឋសភាហ្វីលីពីន លោក Ferdinand Martin Gomez Romualdez បានកោតសរសើរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងហ្វីលីពីន-កម្ពុជា។
លោក Ferdinand Martin Gomez Romualdez បានលើកឡើងដូច្នេះនៅក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅក្នុងឱកាសនៃជំនួប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនលោក Ferdinand Martin Gomez Romualdez អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចនិងលោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ្វីលីពីន ឱ្យឈានទៅដល់កម្រិតខ្ពស់និងរឹងមាំបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន ក៏ដូចជាការពារជាតិនិងសន្តិសុខជាដើម។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានយកចិត្តទុកដាក់ថែទាំដល់ប្រជាជននិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសហ្វីលីពីន។
ជាការឆ្លើយតប លោក Ferdinand Martin Gomez Romualdez បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋសភាហ្វីលីពីន ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើឯកសារទាំង ៨ ដែលបានចុះហត្ថលេខានាឱកាសទស្សនកិច្ចផ្លូវការនេះ។ លោកក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការផ្សារភ្ជាប់ទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិ ហ្វីលីពីន-កម្ពុជា។
លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍ហ្វីលីពីនដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍឆ្ពោះទៅមុខរបស់កម្ពុជាក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Ferdinand Martin Gomez Romualdez មានជំនឿជឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងកាន់តែមានសភាពរស់រវើកនិងសកម្មបន្ថែមទៀត ក្នុងការរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និង ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
评论被关闭。