ក្រុមហ៊ុន Excellent Associates Group បង្ហាញពីបំណងវិនិយោគឧស្សាហកម្មនៅកម្ពុជា
ក្រុមហ៊ុន Excellent Associates Group Limited បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោតផ្តោតលើការវិនិយោគសួនឧស្សាហកម្មនិងកសិ-ឧស្សាហកម្ម។
ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្នុងឱកាសនៃជំនួប លោក Dai Jianlaing បានជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការនិងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលរួមមានការវិនិយោគសួនឧស្សាហកម្មនិងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃនិងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួន ដូចជាទីក្រុងហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត ព្រោះអង្ករកម្ពុជាមានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំជាប់ៗគ្នា។
Excellent Associates Group ជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មលើវិស័យសំណង់ ឧស្សាហកម្មរ៉ែ ការផលិតដែក សំណ និង ស័ង្កសី។ល។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ដែលមានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនិងវិធានការ ក្នុងការគាំទ្រដល់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
ពាក់ព័ន្ធនឹងវិស័យកសិ-ឧស្សាហកម្ម សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជាការផលិតជីបែបធម្មជាតិនិងជីគីមីជាដើម៕
评论被关闭。