កម្ពុជាប្រមូលចំណូលពន្ធនិងអាករបានជាង ២,៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងជិត ១៤%
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា កម្ពុជាប្រមូលចំណូលពន្ធនិងអាករបានជាង ២,៥ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ កើនឡើងជិត ១៤% បើធៀបនឹងឆ្នាំ២០២៣។
លោក គុណ ញឹម អគ្គនាយក GDCE បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត កាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៤ GDCE បានប្រមូលចំណូលពន្ធនិងអាករសរុបចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,៥៩ ប៊ីលានដុល្លារ) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។
លោកបានថ្លែងថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៤ បានជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្ត ដែលមានទំហំស៊ីឡាំងតូចនិងរថយន្តអគ្គិសនី និង ការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ។
លោកបានឱ្យដឹងថា បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣% អាករពិសេសមានប្រមាណ ៣២,១% ពន្ធគយមានប្រមាណ ១៨% អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤,៤% និង អាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧% យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១% ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩% និង សម្ភារៈសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៣%។
លោកបន្ថែមថា សម្រាប់ទំហំពាណិជ្ជកម្មនាំចូលមានចំនួនជាង ២៨,៥៤៥ ប៊ីលានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗរួមមាន ផលិតផលតេលសិលា វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ គ្រឿងសំណង់ យានយន្តនិងគ្រឿងចក្រ គ្រឿងឧបភោគបរិភោគ និង ទំនិញចម្រុះផ្សេងទៀត។
របាយការណ៍ GDCE បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាមានចំនួនជាង ២៦,៤៧៣ ប៊ីលានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣% ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សម្បកកង់រថយន្ត គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង ផលិតផលពីឈើ កង់ ផលិតផលប្លាស្ទិក អំពូល ស្បែកសត្វកែច្នៃ គ្រឿងបន្លាស់រថយន្ត និង ផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និង កសិផល (មានជាអាទិ៍ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ចេក គ្រាប់ស្វាយចន្ទី និង កសិផលផ្សេងៗទៀត) មានកំណើន ១១,៦%៕
评论被关闭。