លោកស្រី ជា សិរី ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដែលដឹកនាំដោយលោក អ៊ិត វិជិត នាយកប្រតិបត្តិ ក.ផ.ផ. នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក អ៊ិត វិជិត បានជម្រាបជូនពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និង ផែនការយុទ្ធសាស្រ្តរបស់ ក.ផ.ផ. សម្រាប់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ព្រមទាំងបានបញ្ជាក់ពីភាពប្រទាក់ក្រឡាជាច្រើនក្នុងការអភិវឌ្ឍវិស័យនេះ ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។
ជាការឆ្លើយតប លោកស្រី ជា សិរី បានបង្ហាញនូវការគាំទ្រដល់ការលើកកម្ពស់និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិ។ ក្នុងន័យនេះ លោកស្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចងក្រងទិន្នន័យឱ្យបានគ្រប់គ្រាន់ ដើម្បីវិភាគពីឥរិយាបថចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ និងផ្សព្វផ្សាយឱ្យចំទីផ្សារគោលដៅ។ លោកស្រីក៏បានរំលេចពីការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ ដែលជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់ទាក់ទាញ ក៏ដូចជាសម្រួលដល់ភ្ញៀវទេសចរក្នុងការទូទាត់ផងដែរ។
បន្ថែមលើនេះ លោកស្រី ជា សិរី ក៏បានលើកឡើងពីការរួមចំណែករបស់ប្រព័ន្ធធនាគារ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈការផ្តល់ឥណទាន ក៏ដូចជាការរៀបចំឥណទានឡើងវិញសម្រាប់វិស័យនេះ។ ម្យ៉ាងវិញទៀត ការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ននៅរាជធានីភ្នំពេញ និងគម្រោងដំណើរការសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុខេត្តបាត់ដំបងនិងខេត្តកំពត នាពេលខាងមុខ គឺជាការចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ៕
评论被关闭。