សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះមូលដ្ឋានគឺដើម្បីបម្រើផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ វិធានការគន្លឹះទាំង ៥ ព្រមទាំងកិច្ចការកែទម្រង់សំខាន់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និង ផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាយន្តការមួយដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ចាប់ពីនីតិកាលទី ៥ នៃរដ្ឋសភាមក រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងគោលដៅ៖
១. ជំរុញការផ្សព្វផ្សាយនិងការអនុវត្តកម្មវិធីនយោបាយ ក្របខណ្ឌ យុទ្ធសាស្ត្រ និង កម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល។
២. ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈនិងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាពនិងកិច្ចសហការប្រកបដោយជវភាព។
៣. ស្វែងយល់និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។
៤. ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេលនិងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
យោងលើភាពចាំបាច់និងលទ្ធផលល្អប្រសើររយៈពេលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានសម្រេចបន្តរក្សាយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាពឱ្យស្របតាមស្ថានភាពជាក់ស្តែង៕
评论被关闭。