កាកបាទក្រហមកម្ពុជាប្រគល់មូលនិធិ ៥ លានដុល្លារជូនមន្ទីរពេទ្យ ហ្លួង ម៉ែ

នារសៀល​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា តំណាង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានជួប​សវនាការ​និងចុះហត្ថលេខា​ប្រគល់​មូលនិធិ​ចំនួន ៥ លាន​ដុល្លារអាម៉េរិក​ជូនមន្ទីរពេទ្យ ហ្លួង ម៉ែ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា។ លោកសាស្ត្រាចារ្យ​ជំនួយ ស៊ូ ស៊ីផាណ្ណា នាយក​មន្ទីរពេទ្យ ហ្លួងម៉ែ ជាអ្នកទទួល​ថវិកា​នេះដោយផ្ទាល់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានស្វាគមន៍​និងសម្តែង​នូវក្តីសោមនស្ស​រីករាយ ព្រមទាំង​ពាំនាំ​នូវប្រសាសន៍​សួរសុខទុក្ខ​និងការកោតសរសើរ​ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី និង បុគ្គលិក​សុខាភិបាល​នៃមន្ទីរពេទ្យ ដែលបាន​យកចិត្ត​ទុកដាក់​ខិតខំ​អនុវត្តតាម​ផែនការ​របស់​រាជរដ្ឋាភិបាល រៀបចំ​ឱ្យមន្ទីរពេទ្យ ហ្លួងម៉ែ ជា «មន្ទីរពេទ្យ​ថ្នាក់ជាតិ ឯកទេស​ព្យាបាល​ជំងឺ​មហារីក» ដោយបាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និងបំពាក់​សម្ភារៈ​បរិក្ខារពេទ្យ​ចាំបាច់ ដូចជា​ម៉ាស៊ីន​បាញ់កាំរស្មី (LINAC) ម៉ាស៊ីន CT Scan ម៉ាស៊ីន RF Ablation System ម៉ាស៊ីន C-Arm ម៉ាស៊ីន Endoscope Ultrasound System ជាដើម ដែលអាច​ដំណើរការ​ដំណាក់កាល​ដំបូង​ បានចាប់តាំង​ពីថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ រៀងមក។

លោកជំទាវបណ្ឌិត​បានមានប្រសាសន៍ថា ដោយសារ​មន្ទីរពេទ្យ​មានតម្រូវការ​ថវិកា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ពិនិត្យ​និងព្យាបាល​ជំងឺ​មហារីក និងបានដឹងថា​មន្ទីរពេទ្យ​មានផែនការ​បើកទទួល​អ្នកជំងឺ​មកសម្រាក​ក្នុងមន្ទីរពេទ្យ​ចាប់ពី​ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ទើបបាន​នៅថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៥ ​​កាកបាទ​ក្រហម​កម្ពុជា​បានសម្រេច​ផ្តល់ជូន​មន្ទីរពេទ្យ ហ្លួង ម៉ែ នូវថវិកា​ចំនួន ៥ លានដុល្លារ​តាមការ​ស្នើសុំ​របស់​មន្ទីរពេទ្យ ដើម្បី​អាចបំពាក់​បន្ថែម​នូវសម្ភារៈ​បរិក្ខារ​ដែលមានដូចជា៖ ម៉ាស៊ីន MRI ម៉ាស៊ីន HDR Brachytherapy ម៉ាស៊ីន​អន្តរាគមន៍​រូបភាព​វេជ្ជសាស្ត្រ (Cath Lab) បរិក្ខារ​សម្រាប់​បង្កើត​​មន្ទីរពិសោធន៍​ទំនើប​វិភាគសាច់ និង សម្ភារៈ / បរិក្ខារ​ជាច្រើន​ទៀត។

 

លោកជំទាវបណ្ឌិត​បានគូសបញ្ជាក់​ថា ថវិកា​ដែលកាកបាទ​ក្រហម​កម្ពុជា​បានជួយ​ឧបត្ថម្ភ​ដល់មន្ទីរពេទ្យ ហ្លួង ម៉ែ នាពេលនេះ គឺជា​ថវិកា​ដែលទទួលបាន​ពីសប្បុរសជន​ពីគ្រប់​មជ្ឈដ្ឋាន ដែលតែងតែ​បរិច្ចាគជូន​កាកបាទ​ក្រហម​កម្ពុជា ក្នុងឱកាស​ទិវា​ពិភពលោក​កាកបាទ​ក្រហម និងអឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ជារៀងរាល់ឆ្នាំ។ មូលនិធិ​ដែលទទួលបាន​ពីទិវា ៨ ​ឧសភា កាកបាទ​ក្រហម​កម្ពុជា​តែងតែ​យកទៅ​ជួយឧបត្ថម្ភ​ដល់មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ចំនួន ១ លាន​ដុល្លារ​ជារៀងរាល់ឆ្នាំ (ចាប់តាំងពីឆ្នាំ២០១២ រៀងមក) បានជួយដល់​មន្ទីរពេទ្យ​ស្ត្រីនគរទេព មន្ទីរពេទ្យ​ កាល់ ម៉ែត មន្ទីរពេទ្យ​កុមារ​អង្គរ​សៀមរាប និងបាន​ចុះសួរ​សុខទុក្ខ​អ្នកជំងឺ​តាមមន្ទីរពេទ្យ កុមារ​កំព្រា ជនពិការ និង អង្គការ / សមាគម​មួយចំនួន។

លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន​ឆ្លៀតឱកាស​ដ៏មមាញឹក និងចំណាយ​ពេលវេលា​ដ៏មានតម្លៃ ដើម្បី​មកប្រគល់​ថវិកា​របស់​កាកបាទ​ក្រហម​កម្ពុជា​ជូនដល់​មន្ទីរពេទ្យ ហ្លួង ម៉ែ។ នេះគឺជា​ការលើក​ទឹកចិត្ត​ដល់ក្រុមគ្រូពេទ្យ​ទាំងអស់ ដើម្បី​បន្តខិតខំ​បម្រើជាតិ​មាតុភូមិ​និងប្រជាជន​កម្ពុជា៕

你可能还喜欢

评论被关闭。