ក្រសួងមហាផ្ទៃកម្ពុជាចាត់វិធានការម៉ឺងម៉ាត់ ចំពោះកម្ចីអនឡាញខុសច្បាប់! “អ្នកខ្ចីកុំបាច់សង” “បើគេរករឿង ប្តឹងសមត្ថកិច្ច”

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានដាក់ចេញ​វិធានការ​យ៉ាងម៉ឺងម៉ាត់ ចំពោះកម្ចី​អនឡាញ​ខុសច្បាប់ ថែមទាំង​ផ្តល់នូវ​ការការពារ​ដល់ជនរងគ្រោះ​ពីកម្ចី​អនឡាញ​ខុសច្បាប់​ទៀតផង។

ថ្លែងក្នុង​ពិធីបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ នារសៀល​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស សុខា បានចាត់ទុក​កម្ចី​អនឡាញ​កំពុង​ក្លាយជា​អន្ទាក់​បំណុល​ក្នុងសម័យ​ឌីជីថល និងបាន​បញ្ជាឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ ទប់ស្កាត់​កុំឱ្យមាន​កម្ចី​ប្រាក់ខុសច្បាប់ ពិសេស​កម្ចី​អនឡាញ​ពីជនបរទេស។ លោកក៏បាន​បញ្ជាក់ប្រាប់​ពលរដ្ឋ​ដែលខ្ចី​ប្រាក់តាម​អនឡាញ​ខុសច្បាប់​នេះ កុំបាច់​សង បើគេ​រករឿង អាចប្ដឹងមក​សមត្ថកិច្ច។

លោកថែមទាំង​បានផ្តល់ការ​ណែនាំ​ដល់រដ្ឋបាល​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទូទាំង​ប្រទេស បន្ត​ផ្សព្វផ្សាយ​អប់រំ​ឱ្យបាន​ទូលំ​ទូលាយ​ដល់ប្រជាពលរដ្ឋ និងចូលរួម​អនុវត្ត​ឱ្យបាន​ក្នុងការ​ទប់ស្កាត់​កុំឱ្យ​មានការ​ខ្ចីប្រាក់​ខុសច្បាប់ ការខ្ចីប្រាក់​ពីក្រុម​ជនបរទេស និង ការខ្ចីប្រាក់​ដែលមាន​កម្រិត​នៃការ​ដាក់គំនាប​ទៅលើ​អ្នកខ្ចី​ខុសពីច្បាប់​បានកំណត់។ល។

ប៉ុន្តែ លោក ស សុខា ក៏បានណែនាំ​បែងចែក​ឱ្យដាច់​រវាង​កម្ចី​ជាមួយ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ឬអង្គភាព​ផ្តល់ប្រាក់​កម្ចី ដែលធ្វើ​ប្រតិបត្តិការ​ស្របតាមច្បាប់ និងកម្ចី​ជាលក្ខណៈ​ឯកជន​បុគ្គលនិងបុគ្គល ដែលផ្ទុយពី​កម្ចី​ខុសច្បាប់​នោះ គឺត្រូវតែ​មានកាតព្វកិច្ច​សងទៅ​តាមច្បាប់​និងការ​ព្រមព្រៀង៕

你可能还喜欢

评论被关闭。