ថៃអាចនឹងផ្តាច់ភ្លើង និងអ៊ីនធឺណិតក្រុងប៉ោយប៉ែត ដើម្បីរារាំងសកម្មភាពឆបោកតាមអនឡាញ
ប្រទេសថៃអាចនឹងកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា បើសិនជាវាជាតម្រូវការចាំបាច់ដើម្បីរារាំងក្រុមជនឆបោកតាមអនឡាញ ដែលបានរត់គេចពីប្រទេសមីយ៉ាន់ម៉ាមកបង្កើតមូលដ្ឋាននៅកម្ពុជា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ក្នុងអំឡុងពេលទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រីថៃ Phumtham Vechayachai បានពិនិត្យមើលថា តើប្រទេសថៃនឹងឆ្លើយតបយ៉ាងណាក្នុងករណីក្រុមជនឆបោក Call-center ត្រូវបានផ្លាស់ទីពីមីយ៉ាន់ម៉ាមកក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។
លោកបានថ្លែងថា ការត្រៀមរៀបចំត្រូវបានធ្វើឡើងរួចហើយ ដើម្បីបង្អាក់ប្រតិបត្តិការឆបោកក្នុងតំបន់ ប៉ុន្តែលោកមិនអាចបញ្ជាក់បានថា តើវិធានការនេះដូចគ្នានឹងវិធានការដែលបានប្រើនៅតាមព្រំដែនមីយ៉ាន់ម៉ា ឬយ៉ាងណានោះទេ ដោយសារស្ថានការណ៍នៅកម្ពុជាខុសគ្នាពីមីយ៉ាន់ម៉ា។
លោក Phumtham Vechayachai បានបញ្ជាក់ថា សកម្មភាពទាំងនោះរួមមាន កាត់ផ្ដាច់ចរន្តអគ្គិសនី សេវាអ៊ីនធឺណិត និង ប្រេងឥន្ធនៈ មិនទាន់បានអនុវត្តនៅឡើយទេ ព្រោះលោកកំពុងរកពេលវេលាបន្ថែមទៀតសម្រាប់ការបន្តអនុវត្តវិធានការបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាសិន។
កាលពីពេលថ្មីៗនេះ ប្រទេសថៃបានចាប់ផ្ដើមចំណាត់ការកាត់ផ្ដាច់ចរន្តអគ្គិសនី សេវាអ៊ីនធឺណិត និង ប្រេងឥន្ធនៈទៅកាន់តំបន់ ៣ នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីជាការគំរាមឱ្យមីយ៉ាន់ម៉ាបង្ក្រាបក្រុមឆបោក Call-Center។ ជាលទ្ធផល មកដល់ពេលនេះថៃបានទទួលជនរងគ្រោះប្រមាណ ៧ ០០០ នាក់ និងកំពុងដំណើរការធ្វើមាតុភូមិនិវត្តន៍ពួគគេទៅកាន់ប្រទេសកំណើតវិញ៕
评论被关闭。