ក្រុមហ៊ុន ICAP ចាប់អារម្មណ៍ការវិនិយោគ លើវិស័យយានយន្តប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា
នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ចាង ចាវមីន (Zhang Chaomin) ប្រធាននិងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Infinite Capital Holding Company (ICAP) នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក ចាង ចាវមីន បានជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ក្នុងនោះក្រុមហ៊ុនបានផ្ដោតលើការវិនិយោគលើវិស័យការផលិតសម្ភារៈថ្មី បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) គ្រឿងអេឡិចត្រូនិក Semiconductor និង សរសៃកាបូន (Carbon Fiber) ជាដើម។
លោកក៏បានជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ លោកបញ្ជាគ់ថា ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញនិងស្ថិរភាព ជាពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយភាពធន់ក្នុងរង្វង់ ៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាតត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន សែន បានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបានគូសបញ្ជាក់អំពីសារៈសំខាន់និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តំបន់ និង ពិភពលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនងនិងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្ត សំដៅដល់ការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិននានានៅក្នុងប្រទេសកម្ពុជា៕
评论被关闭。