រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២

នាព្រឹក​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភា​កម្ពុជា​បានបើកសម័យប្រជុំ​លើកទី៣ នីតិកាលទី៧ និងបានអនុម័ត​សេចក្តី​ព្រាង «ច្បាប់ស្តីពី​ការប្រឆាំង​ការមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង​ក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» និងសេចក្តីព្រាង «ច្បាប់ស្តីពី​ការចាត់ចែង​ជាបណ្តោះអាសន្ន​នូវវត្ថុ​ចាប់យក»។

សេចក្តី​ព្រាង «ច្បាប់ស្តីពី​ការប្រឆាំង​ការមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង​ក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» ត្រូវបាន​អង្គរដ្ឋសភា​អនុម័ត​ជាឯកច្ឆន្ទ​ក្នុងសំឡេង ១១៥ សំឡេង។

សេចក្តី​ព្រាងច្បាប់​នេះមាន ៧ មាត្រា នឹងទៅ​ជំនួស​ «ច្បាប់ស្ដីពី​ការប្រឆាំង​ការមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង​ក្នុងរយៈកាល​នៃកម្ពុជា​ប្រជាធិបតេយ្យ» ដែលជា​ច្បាប់ចាស់ ប្រកាស​ឱ្យប្រើ​ដោយព្រះរាជក្រម កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។

សេចក្តី​ព្រាងច្បាប់នេះ​ត្រូវបាន​រៀបចំ​ឡើងវិញ បន្ទាប់ពី​មានការ​ស្នើសុំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបាន​គោលការណ៍​ឯកភាព​ពីប្រមុខ​រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការ​រៀបចំ​សេចក្តីព្រាង​ច្បាប់ថ្មី ជំនួស​ច្បាប់ចាស់។ ក្រសួង​យុត្តិធម៌ជាអ្នក​​ពិនិត្យ សិក្សា និង រៀបចំ​ការធ្វើ​វិសោធនកម្ម​ច្បាប់នេះ ពិសេស​គឺការ​កំណត់​អំពី​ការផ្តន្ទាទោស​ចំពោះ​បុគ្គល​ទាំងឡាយ​ដែលមិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុងរបប​ខ្មែរក្រហម។

សេចក្តី​ព្រាង «ច្បាប់​ស្តីពី​ការចាត់ចែង​ជាបណ្តោះអាសន្ន​នូវវត្ថុ​ចាប់យក» ក៏ត្រូវបាន​អង្គរដ្ឋសភា​អនុម័ត​ជាឯកច្ឆន្ទ​ក្នុងសំឡេង ១១៥ សំឡេង។

សេចក្តី​ព្រាងច្បាប់​នេះមានចំនួន ៤ ជំពូក និង ១៥ មាត្រា ត្រូវបាន​រៀបចំឡើង​ដើម្បី​កំណត់​អំពី​លក្ខខណ្ឌ សមត្ថកិច្ច និង នីតិវិធី​ក្នុងការ​ចាត់ចែង​ជាបណ្តោះ​អាសន្ន​នូវវត្ថុ​ចាប់យក​នៅក្នុង​រឿងក្តី​ព្រហ្មទណ្ឌ ក្នុងគោលបំណង​រក្សា​តម្លៃ​សេដ្ឋកិច្ច​នៃវត្ថុ​ចាប់យក​ទំាងនោះ ព្រមទាំង​ការពារ​នូវផលប្រយោជន៍​របស់​ម្ចាស់វត្ថុ​ចាប់យក ឬរបស់​បុគ្គល​ពាក់ព័ន្ធ​ផ្សេងទៀត និងការពារ​ផលប្រយោជន៍​សាធារណៈ។ ដោយវត្ថុ​ចាប់យក​នៅក្នុង​ដំណាក់កាល​នីតិវិធី​នៃរឿងក្តី​ព្រហ្មទណ្ឌ មិនទាន់​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋនៅឡើយ។

សេចក្តី​ព្រាងច្បាប់នេះ​បានកំណត់​យកស្ថាប័ន​អយ្យការ​និងស្ថាប័ន​តុលាការ ជាស្ថាប័ន​មានសមត្ថកិច្ច​ក្នុងការ​សម្រេច​ចាត់ចែង​ជាបណ្តោះ​អាសន្ន​នូវវត្ថុ​ចាប់យក ទៅតាម​ដំណាក់កាល​នីមួយៗ​នៃនីតិវិធី​ព្រហ្មទណ្ឌ៕

你可能还喜欢

评论被关闭。