ព្រះមហាក្សត្រធ្វើជាព្រះរាជាធិបតី នៃកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំលើកទី ៣៨ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សម័យប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ សម្រេច និង ពិគ្រោះយោបល់លើរបៀបវារៈចំនួន ១៣ រួមមាន៖ (១) ពិនិត្យនិងសម្រេចលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ (២) ពិនិត្យនិងសម្រេចអំពីការផ្ទេរនិងតែងតាំងចៅក្រមមួយចំនួន។ (៣) ពិគ្រោះយោបល់លើសំណើផ្ទេរនិងតែងតាំងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងមួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ (៤) ពិនិត្យនិងសម្រេចអំពីការកែសម្រួល និងតែងតាំងសមាសភាពនៃក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ (៥) ពិនិត្យនិងផ្តល់យោបល់អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិតាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រមនិងព្រះរាជអាជ្ញា។ (៦) ពិនិត្យនិងសម្រេចអំពីសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រមកម្មសិក្សាចំនួន ៣៥ នាក់។ (៧) ពិគ្រោះយោបល់លើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ២០ នាក់ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ (៨) ពិនិត្យនិងសម្រេចអំពីសំណើសុំចូលបម្រើការងារវិញរបស់លោកស្រី ខៀវ សុខា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ (៩) ពិគ្រោះយោបល់លើសំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្សរយៈពេល ២ ឆ្នាំរបស់ព្រះរាជអាជ្ញារងចំនួន ២ នាក់។ (១០) ពិនិត្យនិងសម្រេចអំពីសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សារបស់ចៅក្រម ១ នាក់នៃសាលាដំបូងខេត្តកណ្តាល។ (១១) ពិនិត្យនិងសម្រេចអំពីសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សារបស់ចៅក្រម ១ នាក់នៃសាលាដំបូងខេត្តពោធិ៍សាត់។ (១២) ពិគ្រោះយោបល់អំពីការស្នើសុំបំពេញកម្មសិក្សាការងារជាព្រះរាជអាជ្ញារងកម្មសិក្សា សម្រាប់សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី ២ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ (១៣) បញ្ហាផ្សេងៗ៕
评论被关闭。