សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកនយោបាយកុំលូកលាន់ និងបញ្ឆេះជម្លោះព្រំដែន កម្ពុជានឹងប្រើអាវុធតតាំងនឹងប្រទេសណាដែលឈ្លានពាន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានដល់អ្នកនយោបាយខ្មែរនៅក្រៅប្រទេស រួមទាំងអ្នកនយោបាយថៃ កុំឱ្យលូកលាន់និងបញ្ឆេះជម្លោះព្រំដែន ដើម្បីតែកេងចំណេញប្រយោជន៍នយោបាយរបស់ក្រុមខ្លួន។ ក្នុងករណីប្រទេសណាមួយឈ្លានពានទឹកដីកម្ពុជា កម្ពុជានឹងប្រើអាវុធដើម្បីតតាំងនិងការពារបូរណភាពទឹកដីរបស់ខ្លួន។
សម្តេចធិបតីបានថ្លែងក្នុងឱកាសធ្វើជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
សម្ដេចធិបតីបានថ្លែងថា អ្នកនយោបាយទាំងអស់ ទាំងខ្មែរ ទាំងថៃ កុំយករឿងនយោបាយមកលូកលាន់នឹងកិច្ចការបច្ចេកទេសឱ្យសោះ ព្រោះអ្នកនយោបាយអត់ដឹងកិច្ចការបច្ចេកទេសជាងអ្នកភូមិសាស្ត្រទេ ទុកឱ្យអ្នកបច្ចេកទេសធ្វើការ ដោះស្រាយតាមការងារបច្ចេកទេស រឿងព្រំដែនគឺទាក់ទងនឹងបច្ចេកទេសនិងច្បាប់អន្តរជាតិ ឱ្យគេប្រើមូលដ្ឋានហ្នឹងដោះស្រាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៅកាន់អ្នកនយោបាយថៃ កុំឱ្យរុញរឿងព្រំដែនដើម្បីតែកេងចំណេញប្រយោជន៍នយោបាយ ហើយយកហេតុផលដោយភ្ជាប់ជាមួយនឹងកម្ពុជា។ កម្ពុជាផ្អែកលើមូលដ្ឋានក្នុងការរក្សាអធិបតេយ្យជាតិខ្លួន នៅតែបន្តរកវិធីដោះស្រាយដែលបានបន្សល់ទុកពីមុន តាមរយៈយន្តការឯកភាពគ្នាជាផ្លូវការ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ហើយផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ផែនទី លិខិតុបករណ៍ និង បច្ចេកទេស។ កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ក៏ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិក្នុងការការពារខ្លួនពីគ្រប់មធ្យោបាយ រួមទាំងការប្រើកម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានទឹកដីកម្ពុជា។
សម្ដេចធិបតីបានលើកឡើងអំពីបញ្ហាព្រំដែន ដោយសារពេលថ្មីៗនេះមានចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស ទាំងខ្មែរ និងថៃ បាននិងកំពុងរុញស្ថានការណ៍កាន់តែខ្លាំងពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ គឺប្រាសាទតាមាន់៕
评论被关闭。