គណៈប្រតិភូសមាគមសិល្បករខ្មែរ ធ្វើទស្សនកិច្ចគម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនកម្ពុជា
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ សិល្បការិនី ធ្វើទស្សនកិច្ចគម្រោងសាងសង់និងវឌ្ឍនភាពផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ថ្លែងក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីក ម៉ៅ ចំណាន បានឱ្យដឹងថា ទស្សនកិច្ចផ្លូវក្រវាត់ព្រំដែននេះធ្វើឡើងក្នុងគោលបំណងចំនួន ៣៖ ទី១ ដឹកនាំសិល្បករ សិល្បការិនី ដែលតែងទទូចចង់មកទស្សនាផ្ទាល់ពីដែនអធិបតេយ្យ បូរណភាពដែនដីរបស់ខ្លួននៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែន។ ទី២ មកស្វែងយល់និងផ្សព្វផ្សាយបន្តពីកិច្ចខិតខំប្រឹងប្រែង ពុះពារក្នុងការការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុននិងបន្តរហូតមកដល់អាណត្តិថ្មី និងមកស្វែងយល់ពីទុក្ខលំបាករបស់កងកម្លាំងរបស់យើង ដែលបាននិងកំពុងតែពុះពារគ្រប់ឧបសគ្គ ប្រឈមនឹងគ្រាប់មីន អាកាសធាតុ និង បញ្ហាប្រឈមជាច្រើនទៀត ដូចជាទីតាំងភូមិសាស្ត្រលំបាកជាដើម។ ទី៣ ដើម្បីរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល សមាគមសិល្បករខ្មែរបានកៀរគរសិល្បករ សិល្បការិនី ចូលរួមក្នុងការបរិច្ចាគជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន។
លោកឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរងកងវិស្វកម្មក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានឱ្យដឹងថា ការអនុវត្តគម្រោងកសាងផ្លូវខ្សែក្រវាត់ព្រំដែនដោយប្រើប្រាស់ថវិកាមូលនិធិព្រំដែន ក្នុងខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី គឺបានចាត់តាំងកងឯកភាពសរុបចំនួន ៨ កងឯកភាព ក្នុងនោះខេត្តមណ្ឌលគិរីមានចំនួន ៥ កង និងខេត្តរតនគិរីមានចំនួន ៣ កង រួមមានកងឯកភាពលេខ៧២ លេខ៧១៥ និង លេខ ៧១៩។ កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ប្ដេជ្ញាខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការជាប្រវត្តិសាស្ត្រនេះ។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះផងដែរ គណៈប្រតិភូសមាគមសិល្បករខ្មែរបានឧបត្ថម្ភថវិកា សម្ភារៈប្រើប្រាស់ និង គ្រឿងបរិភោគ គ្រឿងឧបភោគ ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជូនដល់កងវិស្វកម្មក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” មានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៧០ ម៉ឺននាក់ និងទទួលបានថវិកាសរុបប្រមាណ ២៧ លានដុល្លារអាម៉េរិក ហើយបច្ចុប្បន្ននេះ ថវិកាទាំងនេះត្រូវបាននិងកំពុងយកមកប្រើប្រាស់ក្នុងការស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងទិសរតនគិរី និងមណ្ឌលគិរី៕
评论被关闭。