កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធី សប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥

កម្មវិធី “សប្តាហ៍គាំពារ​សង្គម​កម្ពុជា​ឆ្នាំ២០២៥” និង “ក្របខណ្ឌ​គោលនយោបាយ​ជាតិគាំពារ​សង្គម​ឆ្នាំ២០២៤-២០៣៥” ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

សប្តាហ៍​គាំពារ​សង្គម ជាវេទិកា​មួយដែលផ្ដល់​ឱកាស​ដល់ភាគី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​និងផ្លាស់ប្តូរ​ទស្សនវិស័យ គោលនយោបាយ ចែករំលែក​ចំណេះដឹង បទពិសោធ និង ឧត្តមានុវត្តន៍​នៃគោលនយោបាយ​គាំពារ​សង្គម​ពីបណ្តា​ប្រទេស​នានា ទាំងក្នុង​តំបន់​និងសកល ជាពិសេស​ដើម្បី​ផ្សព្វផ្សាយ​ពីវឌ្ឍនភាព​នៃប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​ដល់សាធារណជន ឱ្យជ្រាប​កាន់តែ​ច្បាស់។ សម្រាប់​ឆ្នាំ២០២៥ នេះ សប្តាហ៍​គាំពារ​សង្គម​កម្ពុជា នឹងត្រូវ​រៀបចំ​ឡើងក្រោម​មូលបទ “អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា ដើម្បី​ការគ្របដណ្តប់​កាន់តែ​ប្រសើរ​ទៅតាម​ហានិភ័យ​នៃវដ្ដជីវិត”។

“ក្របខណ្ឌ​គោលនយោបាយ​ជាតិគាំពារ​សង្គម​ឆ្នាំ២០២៤-២០៣៥” ដែលជាការធ្វើបច្ចុប្បន្នកម្ម “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ក្នុងគោលបំណង​ធានា​និរន្តរភាព​នៃការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា ដោយបន្ត​តម្រង់ទិស​សម្រាប់​រយៈពេល ១១ ឆ្នាំ​ទៅមុខ ដោយផ្តោតលើ​ការកសាង​ភាពធន់ និងរក្សា​ភាពទន់ភ្លន់​ដើម្បី​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ គ្រោះអាសន្ន និង វិបត្តិនានា ក៏ដូចជា​ការវិវឌ្ឍ​នៃកត្តា​សេដ្ឋកិច្ច កត្តា​សង្គម និង កត្តា​ប្រជាសាស្ត្រជាទូទៅ សំដៅ​រួមចំណែក​លើកកម្ពស់​សុខុមាលភាព​សង្គម និងកំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និងបរិយាបន្ន៕

你可能还喜欢

评论被关闭。