រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ៖ ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ គឺជាព័ត៌មានក្លែងក្លាយ
នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានចេញសេចក្តីបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរសព្ទសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» នោះ គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ ក្រសួងការពារជាតិថៃសូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។
លោក Phumtham Wechayachai បាននិយាយថា៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ។
លោកបានបន្ថែមថា៖ របាយការណ៍មួយចំនួនបានលើកឡើងមិនត្រឹមត្រូវ។ បញ្ហានេះបានបង្កបញ្ហាដល់ភាគីកម្ពុជា ដោយសារគាត់មិនបានធ្វើបែបនេះ។ ព័ត៌មានត្រូវតែផ្អែកលើការពិត។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានកាសែតក្នុងស្រុកថៃបានផ្សព្វផ្សាយថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទូរសព្ទទៅរដ្ឋមន្រ្តីការពារជាតិថៃ ដោយសូមទោសចំពោះបញ្ហាដែលកើតឡើងនៅតំបន់ប្រាសាទតាមន្តធំ។
ករណីនៅប្រាសាទតាមន្តធំបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួនបានឡើងទៅទស្សនាប្រាសាទតាមន្តធំ និងបានច្រៀងបទពង្សាវតារខ្មែរ ហើយក៏ត្រូវទាហានថៃដែលប្រចាំការនៅទីនោះចេញមកហាមឃាត់មិនឱ្យច្រៀងបទនេះ។ បញ្ហានេះក៏ត្រូវបានសម្របសម្រួលរវាងភាគីទាំងសង្ខាង ហើយសភាពការណ៍ក៏បានវិលមករកប្រក្រតីវិញ៕
评论被关闭。