សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា ង្វៀន ម៉ិញវូ

នារសៀល​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូត​វៀតណាមថ្មី​ប្រចាំ​កម្ពុជា នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក ង្វៀន ម៉ិញវូ បានសម្ដែងនូវ​ការចាប់អារម្មណ៍​ខ្ពស់ចំពោះ​សមិទ្ធផល​ជាច្រើន​ដែលរាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នាពេល​កន្លងមក មានជាអាទិ៍ ការរក្សា​បាននូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​រីកចម្រើន​ដ៏ខ្លាំងក្លា និង ការលេច​ត្រដែត​ឡើងនូវកិត្យា​នុភាព​កម្ពុជា​នៅលើឆាក​អន្តរជាតិ។ លោកបាន​បង្ហាញនូវ​ជំនឿ​ជឿជាក់ថា ក្រោមការ​ដឹកនាំ​របស់​សម្ដេចធិបតី កម្ពុជា​នឹងសម្រេចបាន​នូវការរីកចម្រើន​និងការអភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា​ថែមទៀត។

ក្នុងទំនាក់ទំនង​ទ្វេភាគី លោក ង្វៀន ម៉ិញវូ បានប្ដេជ្ញាចិត្ត​ខ្ពស់ក្នុងការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការពង្រឹង ​និងពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យកាន់តែ​ខ្លាំងក្លា​បន្ថែមទៀត លើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និងការវិនិយោគ ការពារជាតិ​និងសន្តិសុខ ទេសចរណ៍ អប់រំ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង ការតភ្ជាប់​រវាង​ប្រជាជន​និងប្រជាជន​ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជាអ្នក​ជិតខាងល្អ មិត្តជា​​ប្រពៃណី​និងយូរអង្វែង ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​លើគ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ។ សម្ដេច​ក៏បានវាយតម្លៃខ្ពស់​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​លោកឯកអគ្គរដ្ឋទូត ក្នុងការ​ជំរុញ​ទំនាក់​ទំនង​និងកិច្ចសហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ​ឱ្យកាន់តែ​ខ្លាំងក្លា​បន្ថែមទៀត និងបាន​លើកទឹកចិត្ត​លោកឱ្យសហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង-ស្ថានប័ន​ពាក់ព័ន្ធ​កម្ពុជា៕

你可能还喜欢

评论被关闭。