ក្រុមហ៊ុន SpaceX – Starlink ចាត់ទុកកម្ពុជាជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគក្នុងឆ្នាំ២០២៥
ក្រុមហ៊ុន SpaceX – Starlink បានចាត់ទុកកម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុននៅឆ្នាំ២០២៥ នេះ។
នេះជាការលើកឡើងរបស់លោកស្រី Rebecca Hunter នាយិកាទីផ្សារក្រុមហ៊ុន SpaceX – Starlink នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោកស្រី Rebecca Hunter បានជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៥ នេះ។ គណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកស្រីផងដែរ។
ជាការឆ្លើយតប សម្ដេចធីបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍និងក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលបានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យភាគីក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគនៅកម្ពុជា៕
评论被关闭。