អាម៉េរិកសម្រេចផ្តល់ជំនួយបោសសម្អាតមីននៅកម្ពុជាឡើងវិញ
ក្នុងនាមជាដៃគូសំខាន់ក្នុងការគាំទ្របោសសម្អាតមីននៅកម្ពុជា សហរដ្ឋអាម៉េរិកបានសម្រេចចិត្តផ្តល់ ជំនួយបោសសម្អាតមីនដល់កម្ពុជាឡើងវិញ បន្ទាប់ពីបានប្រកាសផ្អាករយៈពេលខ្លីកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។
លោក ហេង រតនា នៅយប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កម្ពុជាបានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាម៉េរិក។ ក្នុងន័យនេះ អាម៉េរិកសម្រេចអនុញ្ញាតឱ្យបើកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាមួយកម្ពុជាឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់។
លោកក៏បានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានជួយគាំទ្រនិងអំពាវនាវដល់រដ្ឋាភិបាលអាម៉េរិក។ ទន្ទឹមនឹងនេះ លោកក៏អរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាម៉េរិកនៅកម្ពុជា និង មន្ត្រីគម្រោងនៃក្រសួងការបរទេសអាម៉េរិក ដែលបានខ្នះខ្នែងជួយជ្រោមជ្រែងស្នើសុំទៅរដ្ឋាភិបាលអាម៉េរិក ឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅកម្ពុជា ជាពិសេសអរគុណដល់រដ្ឋាភិបាលអាម៉េរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
បើតាម CMAC បានឱ្យដឹងថា ជាមធ្យមថវិកាសហរដ្ឋអាម៉េរិកប្រមាណ ៣០% នៃថវិកាសរុបគាំទ្រសកម្មភាពមីននៅកម្ពុជាប្រចាំឆ្នាំ ត្រូវបានបែកចែកសម្រាប់បោសសម្អាតមីនចង្កោម មួយចំនួនទៀតសម្រាប់បោសសម្អាតមីននិងសកម្មភាពពាក់ព័ន្ធ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានចាត់ទុកអាម៉េរិកជាដៃគូដ៏សំខាន់សម្រាប់សកម្មភាពកម្ចាត់មីនរបស់កម្ពុជា ដោយគិតតាំងពីទសវត្សឆ្នាំ ៩០ មក អាម៉េរិកបានផ្តល់ជំនួយគាំទ្រសកម្មភាពកម្ចាត់មីននៅកម្ពុជាសរុបជាង ២០០ លានដុល្លារ គិតជាមធ្យមគឺ ១០ លានដុល្លារក្នុងមួយឆ្នាំ តំណាងឱ្យ ៣០% នៃកម្មភាពបោសសម្អាតគ្រាប់រំសេវនៅប្រទេសកម្ពុជា។
បច្ចុប្បន្ន កម្ពុជាមានបុគ្គលិកដោះមីនប្រមាណ ១ ០០០ នាក់ ដែលកំពុងបំពេញបេសកកម្មបោសសម្អាតមីននៅតាមរាជធានី ខេត្ត ក្រុង ទូទាំងប្រទេស ដើម្បីផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅនិងបង្កបង្កើនផល៕
评论被关闭。