សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វត្តមានរបស់ក្រុមហ៊ុនគ្រឿងអលង្ការ BVLGARI នៅខេត្តសៀមរាប គឺដោយសារការជឿជាក់លើកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើងថា វត្តមាន​របស់​ក្រុមហ៊ុន​គ្រឿងអលង្ការ BVLGARI នៅប្រាសាទ​បាយ័ន ទឹកដី​ខេត្តសៀមរាប គឺបញ្ជាក់​ពីជំនឿ​ជឿទុកចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ប្រទេស​កម្ពុជា ទាំងសមត្ថភាព ស្ថិរភាព និង សន្តិសុខ​សណ្តាប់ធ្នាប់។

 

តាមរយៈ​សារលើទំព័រ​ហ្វេសប៊ុក​ផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ BVLGARI ដែលជា​ម៉ាកយីហោ​គ្រឿងអលង្ការ​យ៉ាងល្អ​ប្រណីត​និងល្អឯក​ដ៏ល្បី​លំដាប់​ពិភពលោក បានរៀបចំ​កម្មវិធី​រាត្រី​សមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បី​បង្ហាញ​ម៉ូតផលិតផល​របស់​ខ្លួន នៅប្រាសាទ​បាយ័ន ក្នុងខេត្តសៀមរាប។

សម្តេចធិបតី​បានគូស​បញ្ជាក់​បន្ថែមថា ការណ៍ដែល​ក្រុមហ៊ុន​គ្រឿងអលង្ការ​ប្រណីត​លំដាប់​ពិភពលោក បានមក​រៀបចំ​តាំងពិព័រណ៍​នូវគ្រឿងអលង្ការ​ប្រណីតៗ​នៅកម្ពុជា រួមទាំង​នាំមក​នូវតារា​ល្បីៗ​នៅលើ​ពិភពលោក ដោយសារ​ក្រុមហ៊ុន​មានភាព​ជឿជាក់​លើសមត្ថភាព ស្ថិរភាព និង សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អរបស់​កម្ពុជា ព្រមទាំង​កិត្តិសព្ទ​ដ៏ល្បីល្បាញ​របស់​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​តំបន់​ទេសចរណ៍​ដ៏មាន​ភាពទាក់ទាញ​បំផុត​មួយ នៅក្នុង​ចំណោម​រមណីយដ្ឋាន​ល្បីៗ​នៅលើ​ពិភពលោក។

កាលពីយប់​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ BVLGARI បានរៀបចំ​កម្មវិធី​រាត្រី​សមោសរ ឈ្មោះថា BVLGARI AETERNA ដើម្បី​បង្ហាញ​ម៉ូតរបស់ខ្លួន នៅប្រាសាទ​បាយ័ន ខេត្តសៀមរាប ដោយមានការ​ចូលរួម​ជាភ្ញៀវពិសេស​ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

កម្មវិធី​បង្ហាញ​ម៉ូតគ្រឿងអលង្ការ BVLGARI នេះ មានវត្តមាន​តារា​សម្តែង​​កម្ពុជា កញ្ញា ស៊ីន យូប៊ីន តារា​សម្តែង​ថៃ កញ្ញា Mai Davika តារាសម្តែងថៃ Mile Phakphum តារា​សម្តែង​សិង្ហបុរី Shawn Thia តារា​សម្តែង​សិង្ហបុរី Ayden Sng តារា​ចម្រៀង​វៀតណាម Ho Ngoc Ha បវរកញ្ញា​ហ្វីលីពីន និងជា Miss Univers ២០១៥ Pia Wurtzbach ព្រមទាំង​តារា​ល្បីៗ​ជាច្រើនទៀត​មកពី​ជុំវិញ​ពិភពលោក។

ក្រុមហ៊ុន BVLGARI ត្រូវបាន​បង្កើតឡើង​ដោយលោកស្រី Sotirios Voulgaris នៅឆ្នាំ១៨៨៤ បច្ចុប្បន្ន​មានអាយុកាល ១៤១ ឆ្នាំហើយ៕

你可能还喜欢

评论被关闭。