ជំនួបរវាងលោក ស សុខា ជាមួយសមភាគីវៀតណាម ផ្ដោតលើសន្តិសុខព្រំដែនដោយសន្តិភាពនិងការអភិវឌ្ឍ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានបញ្ចប់ដំណើរ​ទស្សនកិច្ច​ផ្លូវការនៅប្រទេស​វៀតណាម ដោយដំណើរ​ទស្សនកិច្ចនេះផ្តោតលើ​ការពង្រឹង​កិច្ចការពារ និងថែរក្សា​សន្តិសុខ​និងការអភិវឌ្ឍ​នៅតាម​ព្រំដែន​នៃប្រទេស​ទាំងពីរ។ នេះបើយោងតាម​លោក រ៉េន រតនៈ ជំនួយការ​និងជា​អ្នកនាំពាក្យ​ផ្ទាល់របស់​លោក ស សុខា។

លោក រ៉េន រតនៈ បានលើកឡើងថា ទស្សនៈកិច្ចរយៈពេល ២ ថ្ងៃ (១៨-១៩ កុម្ភៈ ២០២៥) បានធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​កម្ពុជា-វៀតណាម​ក្នុងវិស័យ​មហាផ្ទៃ បានបន្ត​បោះជំហាន​ប្រកបដោយ​វឌ្ឍនភាព​ជូនរដ្ឋាភិបាល​និងប្រជាជននៃប្រទេសទាំងពីរ។

លោកបាន​ឱ្យដឹងថា ក្នុងជំនួប​ចង្អៀត​និងកិច្ចប្រជុំ​ទ្វេភាគី លោក ស សុខា និងលោក លឿង តាមក្វាង សមាជិក​ការិយាល័យ​នយោបាយ និងជា​រដ្ឋមន្រ្តី​ក្រសួង​នគរបាល​វៀតណាម បានពិភាក្សា​និងផ្លាស់ប្ដូរ​យោបល់គ្នា​ត្រង់ទៅ​ត្រង់មក​អំពី​បទពិសោធន៍ និងលទ្ធផល​នៃកិច្ចសហប្រតិបត្តិការ​ក្នុងឆ្នាំ២០២៤ កន្លងទៅ ព្រមទាំង​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ២០២៥។ ភាគី​ទាំងពីរ​បានពិភាក្សា​គ្នាដោយផ្ដោតលើ​ការថែរក្សា​សន្តិសុខ​តាមខ្សែ​បន្ទាត់​ព្រំដែន ការអនុវត្តច្បាប់ ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ព្រមទាំង​សភាពការណ៍​តំបន់​និងពិភពលោក ដោយភាគី​ទាំងពីរ​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​លទ្ធផល​សម្រេចបាន​ក្នុងស្ថានភាព​ពិភពលោក​មានការ​ប្រឈម​នឹងបញ្ហា​ស្មុគស្មាញ ទាំងបទល្មើស​មិនប្រពៃណី ដូចជា​អំពើ​ឆបោក​តាមអនឡាញ និងអំពើ​ជួញដូរ​មនុស្ស រួមទាំង​បញ្ហា​សង្គ្រាម​ប្រដាប់អាវុធ​និងការប្រកួត​ប្រជែង​ភូមិសាស្រ្តនយោបាយ។

ភាគី​ទាំងពីរ​បានចុះហត្ថលេខា​លើផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ២០២៥ ចំនួន ៥៖ ១. កិច្ចសហប្រតិបត្តិការ​ការពារ​សន្តិសុខ​ជាតិ កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព ស្ថិរភាព និង អភិវឌ្ឍន៍។ ២. កិច្ចសហប្រតិបត្តិការ​បង្ការ បង្ក្រាប​ឧក្រិដ្ឋកម្ម រក្សា​សណ្ដាប់ធ្នាប់​និងសុវត្ថិភាព​សង្គម។ ៣. កិច្ចសហប្រតិបត្តិការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ការងារ​និងព្យាបាល​ជំងឺ។ ៤. កិច្ចសហប្រតិបត្តិការ​បណ្ដុះ​បណ្ដាល​និងបំពាក់​បំប៉ន​មន្រ្តី។ ៥. កិច្ចសហប្រតិបត្តិការ​វិស័យ​ភស្តុភារ​និងសម្ភារៈ​បច្ចេកទេស។

ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ចនេះ លោក ស សុខា ក៏បានជួបពិភាក្សា​ការងារ​ជាមួយ​លោក ផាម មិញជិញ នាយករដ្ឋមន្រ្តី​វៀតណាម ដើម្បី​ជំរុញ​ទំនាក់ទំនង​ មិត្តភាព និង កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-វៀតណាម​ឱ្យកាន់តែ​ល្អប្រសើរ​ថែមទៀត៕

你可能还喜欢

评论被关闭。