មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
តបតាមការអញ្ជើញរបស់លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក រ៉ូណាល់ ខ្លាក (Ronald P. Clark) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកកម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក រ៉ូណាល់ ខ្លាក នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងជួបជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា។
លោក រ៉ូណាល់ ខ្លាក ក៏នឹងមានជំនួបទ្វេភាគីជាមួយលោក ម៉ៅ សុផាន់ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក។ ភាគីទាំងពីរនឹងពិភាក្សាស៊ីជម្រៅក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្តនិងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោក រ៉ូណាល់ ខ្លាក នាពេលនេះ គឺស្របពេលខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ហើយនេះក៏ជាលើកទីពីរដែរដែលមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលលើកទីមួយគឺដឹកនាំដោយលោក វីនសេន ប៊្រុក (Vincent Brooks) កាលពីឆ្នាំ២០១៤៕
评论被关闭。